ទីក្រុង​តៃប៉ិ​ បាន​និយាយ​ថា​ ខ្លួន​នឹង​​បើក​​ការ​ស៊ើប​អង្កេត​លើ​​ក្រុម​ហ៊ុន​តៃវ៉ាន់​ផ្សេង​ៗ​​ដែល​បាន​ជួយ​ក្រុម​ហ៊ុន​​ Huawei ក្នុង​ការ​​​ដំឡើង​​រោង​ចក្រ​ផលិត​​ឧបករណ៍​ពាក់​កណ្តាល​សម្រេច (​semiconductor) ដែល​អាច​រំលោភ​លើ​​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​យក្ស​របស់​ចិន​មួយ​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​តៃវ៉ាន់​ លោក​Wang Mei-hua ​បាន​យល់​ព្រម​​កាល​ពី​ថ្ងៃ​ពុ​ធ​​ ​ក្នុង​ការ​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេ​ត​ទៅ​លើ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ចំនួន​៤​ ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​Huawei ​លើ​ការ​សាង​សង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​។​

សារព័ត៌មាន​​ Bloomberg ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​តៃវ៉ាន់​ទាំង​​៤​កំពុង​ជួយ​ក្រុមហ៊ុន​ Huawei ​បង្កើត​​​បណ្តាញ​​រោងចក្រ​ផលិត​បន្ទះ​ឈីប​នៅ​ក្នុង​ប្រទេស​ចិន​ ដោយ​មិន​ឱ្យ​គេ​ចាប់​បាន​។ ក្រុម​ហ៊ុន​ទាំង​នោះ​រួម​មាន​ ​​ក្រុមហ៊ុន ​Topco Scientific ក្រុម​ហ៊ុន​ L&K Engineering ក្រុម​ហ៊ុន​ United Integrated Services ​និង​ក្រុម​ហ៊ុន​Cica-Huntek Chemical Technology Taiwan។

លោក ​Wang បាន​ប្រាប់​សមាជិក​សភា​ថា​ ក្រុម​ហ៊ុន​ទាំង​​៤​ បាន​ជួយ​ក្រុម​ហ៊ុន​Huawei ​ដំឡើង​នូវ​«​​ឧបករណ៍​ការពារ​​សំណល់​ទឹក​​និ​ង​​បរិស្ថាន​»​ សម្រាប់​រោងចក្រ​របស់​​ក្រុមហ៊ុន​​ប៉ុន្តែ​មិន​ប្រើ​​បច្ចេកវិទ្យា​រសើប​ដែល​អាច​ប៉ះ​ពាល់​ដល់​សន្តិសុខជាតិ​នោះ​ទេ​។​

ក្រុម​ហ៊ុន ​Huawei ​ដែល​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​នៅ​លើ​បច្ចេកវិទ្យា​​ 5G ​​​គឺ​ជា​បញ្ហា​ស្នូល​​នៃ​ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែល​កាន់​តែ​​តាន​តឹង​ឡើង​ៗ​លើ​បញ្ហា​បច្ចេក​វិទ្យា​ទំនើប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ ​បាន​​រឹត​ត្បឹត​ក្រុមហ៊ុន​នេះ​ពី​ការ​នាំ​ចូល​​ផលិតផល​​ទៅ​កាន់​​ទីផ្សារ​ធំ​ៗ​ និង​ការ​ប្រើ​ប្រាស់​​បច្ចេក​វិទ្យា​ទំនើប​ៗ​រួម​ទាំង​បន្ទះ​ឈីប​ ដោយ​សារ​ការ​ភ័យ​ខ្លាច​ថា​ ផលិត​ផល​របស់​​ក្រុម​ហ៊ុននេះ​​អាច​អនុញ្ញាត​ឱ្យ​ចិន​ធ្វើ​ចារកម្ម​លើ​បណ្តាញ​របស់​ពួក​គេ​។​ ​

​តៃវ៉ាន់​​​ដែល​ចិន​អះ​អាង​ថា​ជា​ទឹក​ដីរ​បស់ខ្លួ​ន​​ និង​ចង​សម្ព័ន្ធ​ភាព​ជាមួយ​អាមេរិក​ឯណោះ​វិញ​ គឺ​ជា​​កោះ​មហា​អំណាច​ខាង​​ការ​រចនា​ និង​ផលិត​គ្រឿង​អេឡិចត្រូនិក​ ដែល​ជា​សរសៃ​ឈាម​ជីវិត​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ទំនើប​។​

ទោះ​បី​ជា​មាន​ការ​បង្កើន​សម្ពាធ​ការ​ទូត​ និង​យោធា​ពី​ចិន​លើ​​កោះ​នេះ​ក៏​ដោយ ​ក៏​ឧស្សាហកម្ម​បច្ចេក​វិទ្យា​របស់​តៃវ៉ាន់​ ត្រូវ​តែ​ដើរ​លើ​ខ្សែ​បន្ទាត់​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ចៀស​វាង​ការ​ខឹង​សម្បារ​​ពី​ទីក្រុង​ប៉េកាំង ​និង​ការ​រំលោភ​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ណា​មួយ​៕​