តើក្រុមឧទ្ទាម Houthis ជានរណា ហើយហេតុអ្វីបានជាពួកគេចូលរួមវាយលុកអ៊ីស្រាអែល?

ក្រុម​ឧទ្ទាម Houthis បាន​ចូលរួម​ជាមួយ​ក្រុម​ហា​ម៉ាស់ ដើម្បី​វាយលុក​អ៊ីស្រាអែល ខណៈដែល​ចម្ងាយ ពី​រាជធានី Sanaa របស់​ពួកគេ ទៅកាន់​អ៊ីស្រាអែល​មាន​រហូត​ទៅដល់ ១ ពាន់​ម៉ា​យ (១ ៦០០ គីឡូម៉ែត្រ)។

ក្រុម​ឧទ្ទាម​នេះ​បានប្រកាស​កាលពី​ថ្ងៃទី ៣១ខែតុលា​ថា ពួកគេ​បាន​បញ្ចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​គ្រាប់​មី​ស៊ី​ល​ផ្លោង​ទៅកាន់​អ៊ីស្រាអែល ក្នុងការ​វាយប្រហារ​កា​លពី​ថ្ងៃទី ២៨តុលា កន្លងទៅ។

នៅ​ឆ្ងាយ​ពី​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​បែរជា​ចូលរួម​វាយប្រហារ ដូច្នេះ​តើ​អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ ខ្នង?

នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ ក្រុម Houthis ដែល​រស់នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​យេ​ម៉ែន បាន​បង្កើត​ចលនា​សាសនា​និកាយ​ថ្មី ដែលមាន​ឈ្មោះថា Zaydi ដែល​បំបែក​ចេញពី​សាសនា​ឥស្លាម Shi''ite ។ ឥស្លាម Shi''ite នេះ​គឺជា​និកាយ​ដែល​ធំជាងគេ​ទី២ បន្ទាប់ពី​និកាយ Sunni។

ក្រោយ​បង្កើត​ចលនា​សាសនា​ថ្មី​នេះ ក្រុម Houthis បាន​ប៉ះ​ទ​ង្កិ​ច​យ៉ាងខ្លាំង​ជាមួយ​រដ្ឋាភិបាល​យេ​ម៉ែន ដែល​កាន់​និកាយ Sunni ហើយ​បាន​បណ្ដាលឱ្យមាន​សង្គ្រាម​រយៈពេល​ខ្លី​មួយ​ផងដែរ។ មិន​ត្រឹមតែ ប៉ុណ្ណោះ ក្រុម Houthis ក៏ត្រូវ​ប្រឈម​ជាមួយ​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ប្រទេស​ជាប់​ព្រំដែន និង​ដែលជា​ប្រទេស​កាន់​និកាយ Sunni ដែរ។

សង្គ្រាម​ធំ​មួយទៀត បានចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០១៤ នៅពេលដែល​ទីក្រុង Sanaa របស់​យេ​ម៉ែន​ត្រូវបាន​រឹបអូស​ដោយ​ពួក Houthis ។ ដោយ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​និកាយ Shi''ite នៅតាម​ព្រំដែន​របស់ខ្លួន អា​រ៉ា​ប៊ី​សា​អូឌីត​បានធ្វើ​អន្តរាគមន៍​ដើម្បី​ប្រឆាំង​តបត​នឹង​ក្រុម Houthis ។

ពួក Houthis បាន​កាន់កាប់​ភាគ​ខាងជើង​ទីក្រុង​យេ​ម៉ែន និង​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​ផ្សេងទៀត ខណៈដែល​រដ្ឋាភិបាល​ស្របច្បាប់​របស់​យេ​ម៉ែន​មាន​មូលដ្ឋាន​នៅ​ទីក្រុង Aden (ភាគខាងត្បូង​នៃ​ប្រទេស​យេ​ម៉ែន)។

ក្រោយ​សង្គ្រាម​សាសនា និង​សង្គ្រាម​ដណ្ដើម​ទឹកដី​នេះ​បានបញ្ចប់ ប្រទេស​យេ​ម៉ែន​បាន​ស្គាល់​ភាពស្ងប់ស្ងាត់​ជាង​មួយឆ្នាំ ចំពេល​មានការ​ជំរុញ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ។

ប៉ុន្តែ​យ៉ាងណា ការវាយប្រហារ​របស់​ក្រុម Houthis លើ​អ៊ីស្រាអែល​នាពេលថ្មីៗនេះ បាន​បង្កើន​ភាព តានតឹង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់តែខ្លាំង។

អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម Houthis គឺ​លោក Yahya Saree បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ​ថា ក្រុម​នេះ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយចំនួនធំ​ឆ្ពោះទៅរក​អ៊ីស្រាអែល កាលពី​ថ្ងៃទី ៣១ ខែតុលា ថ្មីៗនេះហើយ​នឹងមាន​ការវាយប្រហា​រ​បែបនេះ​បន្តទៀត​ដើម្បី​ជួយ​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​ទទួលបាន​ជ័យជំនះ។

លោក Saree បាន​និយាយថា មានការ​វាយប្រហារ​រ​បស់​ក្រុម​ឧទ្ទាម Houthis ចំនួន​បី​ផ្សេងគ្នា​ទៅលើ​អ៊ីស្រាអែល ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជម្លោះ​មក។ ដែល​នេះ​ប្រៀបដូចជា​ការសារភាព​ថា ពួកគេ​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការវាយប្រហារ យន្តហោះ​គ្មាន​មនុស្ស​បើក​កាលពី​ថ្ងៃទី ២៨ ខែតុលា។

ជាការ​តតាំង​ដើម្បី​ជួយ​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំងនឹង​អ៊ីស្រាអែល ក្រុម​ឧទ្ទាម Houthis ទទួលបាន​គាំទ្រ​ពី​អ៊ីរ៉ង់ (អ្នក​កាន់សាសនា​ឥស្លាម និកាយ Shi''ite ) និង​បាន​ប្រមូល​ផ្តុំគ្នា ចាប់តាំងពី​ក្រុម​ហា​ម៉ាស់​បាន​វាយប្រហារ​អ៊ីស្រាអែល​មកម្ល៉េះ។

ក្រុម​ឧទ្ទាម Houthis នេះ​មាន​ពាក្យស្លោក​របស់គេ​គឺ «Death to America, Death to Israel, curse the Jews and victory to Islam« ដែល​មានន័យ​ចងគំនុំ​ជាមួយ​លោក​សេរី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អ៊ីស្រាអែល និង អា​រ៉ា​ប៊ី​សា​អូឌីត។

យ៉ាងណាមិញ ក្រុម Houthis ធ្លាប់បាន​បង្ហាញ​សមត្ថភាព​មី​ស៊ី​ល និង​យន្តហោះ​គ្មាន​មនុស្ស​បើក ក្នុងអំឡុងពេល​សង្គ្រាម​យេ​ម៉ែន ដោយ​វាយប្រហារ​លើ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រាត់​អារ៉ាប់​រួម ដោយ​ផ្តោតលើ​ទីតាំង​ស្តុ​ង​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់។

ក្រុម​ប្រទេស​កាន់សាសនា​ឥស្លាម និកាយ Sunni និង​ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចោទប្រកាន់​អ៊ីរ៉ង់​ពី​ការផ្ដល់​ជំនួយ​សព្វាវុធ និង​ផ្ដល់​ការហ្វឹកហ្វឺន​ដល់​ក្រុម ឧទ្ទាម Houthis ប៉ុន្តែ​ក្រុម​នេះ​បាន​បដិសេធថា​ខ្លួន​មិនបាន​ទទួល​ជំនួយ​ពី​ប្រទេស​ណា​នោះទេ ហើយ​ថា​ពួកគេ​ជា​អ្នកបង្កើត​អាវុធ​ដោយ​ខ្លួនឯង៕