រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អាន់ថួនី​ ប្ល៊ីនកែន​ ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​សេអ៊ូល ​​នៅ​ថ្ងៃ​ពុធ​ទី​ ​៨ខែ​វិច្ឆិកា​ ដើម្បី​​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េ​ខាង​ត្បូង​ ខណៈ​​សម្ព័ន្ធ​មិត្ត​ទាំង​២​ បង្កើន​កិច្ច​សហប្រតិបត្តិកា​រ​ប្រឈម​នឹង​​​កង្វល់​ជុំ​វិញ​ទំនាក់​ទំនង​យោធា​កាន់​តែ​ជិត​ស្និទ្ធ​រវាង​កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ី​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ​​២​ ថ្ងៃ ​នា​ពេល​នេះ​​ ​​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​អាស៊ី​ដ៏​ទូលំ​ទូលាយ​របស់​លោក​ ប្ល៊ីនកែន​ ​​​ដោយ​លោក​នឹង​ចូល​រួម​​កិច្ច​ជាមួយ​សម​ភាគី​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ទាំង​៧​ (G7)​ និង​​កិច្ច​ពិ​ភាក្សា​ជាមួយ​មន្ត្រី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ​ ក៏​ដូច​ជា​​ធ្វើ​ដំណើរ​ទៅ​​ឥណ្ឌា​បន្ទាប់​ពី​នោះ​ ​​ចំ​ពេល​​ជម្លោះ​​អ៊ីស្រាអែ​ល​ ​និ​ង​​ក្រុម​​ហាម៉ាស​កំពុង​បន្ត​។​

​ដំណើរ​ទស្សនកិច្ចនេះ​​ផង​ដែរ​ ​ក៏​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ រួម​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ បាន​ថ្កោល​ទោស​​ និង​ចោទ​ប្រកាន់​​​ថា​​ កូរ៉េខាង​ជើង​​ផ្គត់​ផ្គង់​អាវុធ​ និង​​សម្ភារៈ​យោធា​​​ដល់​ប្រ​ទេ​ស​រុស្ស៊ី​ ដើម្បី​យក​ទៅ​ប្រើ​នៅ​អ៊ុយក្រែន​។

​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​សេអ៊ូល​​ ចាត់​ទុក​ការ​ពង្រឹង​​ទំនាក់​ទំនង​យោធា​​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ី​​ ថា​​ ជា​កិ​​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទីក្រុង​ព្យុងយ៉ាង​​​ ដើម្បី​ជា​ថ្នូរ​ឱ្យ​រុស្ស៊ី​ ជួយ​ខ្លួន​ក្នុង​ការ​ពង្រឹ​ង​សមត្ថភាព​យោធា​យុទ្ធសាស្រ្ត​របស់​ខ្លួន​។

កន្លង​មក​ កូរ៉េខាង​ជើង​បាន​បរាជ័យ​លើ​ការ​បាញ់​បង្ហោះ​​ផ្កាយ​រណប​ចារកម្ម​ដល់​ទៅ ​២​ លើក​ ​ប៉ុន្តែ​ទីភ្នាក់​ងារ​ចារកម្ម​កូរ៉េ​ខាង​ត្បូង ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​នេះ​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​រៀប​ចំ​សម្រាប់​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ដដែល​ជា​លោក​ទី​៣ ហើយ​មាន​លទ្ធភាព​នៃ​ការ​ជោ​គ​ជ័យ​ខ្ពស់​ ដោយ​សារ​​​ជំនួយ​បច្ចេក​ទេស​ពី​ប្រទេស​រុស្ស៊ី​។​

​ក្រុង​​ព្យុងយ៉ាង​ និង​​ក្រុ​ង​​ម៉ូស្គូ ​​បាន​​បដិសេធ​ពី​ការ​ផ្គត់​ផ្គង់​​សព្វាវុធ ខណៈ​​មេ​ដឹក​នាំ​​​នៃ​ប្រទេស​២​ ​​​​បាន​​សន្យា​​កិច្ច​សហប្រតិបត្តិការ​​យោធា​​កាន់​តែ​​ជិត​ស្និទ្ធ​​​ក្នុង​ជំនួបនៅ​តំបន់​ចុង​​បូព៌ា​របស់​រុស្ស៊ី​កាល​ពី​​​ខែ​​កញ្ញា​៕