ទីភ្នាក់ងារ​អន្តោប្រវេសន៍​របស់​ប្រទេស​ម៉ិកស៊ិក​ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិយាយ​ថា អាជ្ញាធរ​បានរកឃើញ​ជនចំណាក​ស្រុក​អាមេរិក​ឡាទីន​កណ្តាល និងអាមេរិក​ឡាទីន ខាងត្បូង ចំនួន ១២៣ នាក់ ជាប់នៅ​ក្នុងកុងតឺន័រ​មួយ​នៅកណ្តាល​រដ្ឋ San Luis Potosi។

ជនចំណាក​ស្រុក​ទាំងអស់ ត្រូវបាន​រកឃើញ​ដោយមន្ត្រី​ពីការិយាល័យ​មេធាវី​របស់​រដ្ឋ San Luis Potosi នៅក្នុងទី​ក្រុង Matehuala បន្ទាប់ពី​បានឮសំឡេង​ស្រែកឱ្យ​ជួយ​ចេញពី​ក្នុង​កុងតឺន័រមួយ​ដែលបាន​ចាក់សោ​ចោល។

បើយោងតាម​វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ​របស់​ប្រទេស​ម៉ិកស៊ិក​បានឱ្យដឹង​ថា ភាគច្រើន​នៃជន​ចំណាកស្រុក​ដែលត្រូវបាន​ជួយសង្គ្រោះ​គឺមកពី​ប្រទេស​អាមេរិក​ឡាទីន​កណ្តាល​រួមមាន​ប្រទេស ហ្គាតេម៉ាឡា នីការ៉ាហ្គា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ ព្រមទាំង​បួន​នាក់​មកពី​ប្រទេស​អេក្វាឌ័រ និងម្នាក់​មកពី​ប្រទេស​គុយបា។ ហើយក្នុង​ចំណោម​ជនចំណាកស្រុក​រងគ្រោះ​ទាំងនេះ មាន​កុមារ​ចំនួន ៣៤ នាក់។

ទីភ្នាក់ងារ​អន្តោប្រវេសន៍​មិនបាន​ពន្យល់​ពីរបៀប​ដែលជន​ចំណាកស្រុក​មកជាប់គាំង​នៅកណ្តាល​ទីក្រុង ឬបង្ហាញពី​កន្លែង​ដែលពួកគេ​ធ្វើដំណើរ​នោះទេ។ ចំណែកក្រុម​ជនចំណាកស្រុក​វិញ ដឹងត្រឹម​ថា​ខ្លួនអាច​នឹងទៅដល់​ទឹកដី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។

នៅថ្ងៃដដែល​នេះ ប៉ូលិស​នៅទីក្រុង Ciudad Juarez ក្បែរ​បន្ទាត់​ព្រំដែន El Paso រដ្ឋ​តិចសាស់ បានចាប់ខ្លួន​អ្នករត់ពន្ធ​មនុស្ស ៣ នាក់ បន្ទាប់ពី​បានរកឃើញ​ជនចំណាកស្រុក​មកពី​ប្រទេស Guatemalan ចំនួន ១១ នាក់ ជាប់​នៅក្នុង​ផ្ទះមួយ ស្រដៀងនឹង​ករណី​ជាប់ក្នុង​កុងតឺន័រ​ខាងលើដែរ។

គួរជម្រាប​ថា គ្រោះថ្នាក់​សម្រាប់​ជនចំណាកស្រុក​ដែលរួមមាន ការចាប់​ជំរិត ការឆបោក និងការទារប្រាក់​ពីក្រុម​ក្មេងទំនើង​ក្នុង​តំបន់​សម្រាប់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​បានក្លាយជា​បញ្ហាធំ​មួយ​សម្រាប់អាជ្ញាធរ​នៅតំបន់​អាមេរិក​ឡាទីន។

លើសពី​នេះ ទាំងព្រំ​ដែនភាគខាងត្បូង​របស់​សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រឈមមុខ​នឹងកំណើន​ជនចំណាកស្រុក​ធ្វើ​ដំណើរទៅ​កាន់តែច្រើន​ឡើងៗ​ក្នុងឆ្នាំ​នេះ រួមទាំង​ប្រទេស​ប៉ាណាម៉ា​ នៅអាមេរិក

ឡាទីន​កណ្តាល​ក៏ដូចគ្នា។ បើយោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ប៉ាណាម៉ា​បានឱ្យដឹង​ថា មនុស្ស​ជាង ៤០ ម៉ឺន​នាក់​បានឆ្លង​កាត់​តំបន់ Darien Gap ពី​ប្រទេស​កូឡុំប៊ី ចូលទៅ​ក្នុង​ប្រទេស​របស់ខ្លួន​ក្នុង​ឆ្នាំ ២០២៣៕