ក្រោយ​ការបាញ់បោះ​យ៉ាង​សន្ធឹក​សន្ធាប់​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​បាន​បង្ហាញ​ការខឹង​សម្បារ​ចំពោះ​អ៊ីស្រាអែល​ដែល​វាយប្រហារ​សូម្បីតែ​មន្ទីរពេទ្យ។ ក្រុម​ហា​ម៉ា​ស់បាន​និយាយថា ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​បានធ្វើឱ្យ​ទារក​ ៣ នាក់​បាត់បង់​ជីវិត​ ខណៈ​អ្នកជំងឺ​ផ្សេងទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដោយសារ​ខ្វះ​ប្រេងឥន្ធនៈ។

បើទោះជា​យ៉ាងនេះ​ក្ដី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក Benjamin Netanyahu បាន​បដិសេដ​ការបាញ់បោះ​ជុំវិញ​បរិវេណ​មន្ទីរពេទ្យ Al Shifaហើយ​នា​ថ្ងៃទី ១២ ខែវិច្ឆិកា អ៊ីស្រាអែល​ថែមទាំង​បានផ្ដល់​ប្រេងឥន្ធនៈ​ទៅដល់​មន្ទីរពេទ្យ Al Shifa ផងដែរ។

យ៉ាងណាក៏ដោយ​លោក Benjamin Netanyahu បាន​អះអាងថា​ក្រុម​ហា​ម៉ាស់​បាន​បដិសេដ​មិន​យក​ប្រេងឥន្ធនៈ​ដែល​ខ្លួន​បាន​ផ្ដល់ឱ្យ​នោះទេ។

លោក Netanyahu បាន​និយាយថា៖ «យើង​បានផ្តល់​ប្រេងឥន្ធនៈ​ទៅកាន់​មន្ទីរពេទ្យ​កាលពី​យប់មិញ​ដើម្បី​ផ្តល់ឱ្យ​ពួកគេ​មាន​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​មន្ទីរពេទ្យ​ដំណើរការ​ទូរ​កម្ដៅ​សម្រាប់​ទារក​ព្រោះ​យើង​មិន​មានបំណង​ប្រយុទ្ធ​ជាមួយ​អ្នកជំងឺ​ឬ​ជន​ស៊ីវិល​ទាល់តែសោះ»។

លើសពីនោះ​យោធា​អ៊ីស្រាអែល​បាន​និយាយថា​ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ជម្លៀស​ទារក​ចេញពី​មន្ទីរពេទ្យ Al Shifa កាលពី​ថ្ងៃអាទិត្យ​ ប៉ុន្តែ​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា​មនុស្ស​នៅ​ខាងក្នុង​នៅតែ​ជាប់គាំង​ដោយ​ទារក​ទើបនឹង​កើត៣នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​ស្របពេល​ដែល​ការប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះឡើង​នៅក្បែរនោះ។

ដោយឡែក​លោក Netanyahu ត្រូវបាន​គេ​សួរ​ផងដែរ​ថា​តើ​អ៊ីស្រាអែល​មាន​គម្រោង​យក​ប្រេង​ចូលទៅក្នុង​តំបន់​ហ្គា​ហ្សា​ដើម្បី​ផ្តល់​ថាមពល​ដល់​មន្ទីរពេទ្យ​ដោយផ្ទាល់​ឬទេ​និង​ត្រូវបាន​លោក Netanyahu ឆ្លើយតប​ថា​ការផ្ដល់ជូន​នេះ​គឺ​សម្រាប់តែ​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ពោលគឺ​មិនមែន​សម្រាប់​តំបន់​ហ្គា​ហ្សា​ទាំងមូល​នោះទេ។

លោក Netanyahu ក៏បាន​ចោទប្រកាន់ថា​ក្រុម​ហា​ម៉ាស់​កំពុងតែ​លាក់ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​នោះ​ហើយ​ពួកគេ​មិនមែន​ចង់បាន​ប្រេងឥន្ធនៈ​សម្រាប់​មន្ទីរពេទ្យ​ទេ​គឺ​គេ​នឹង​ដឹកជញ្ជូន​ប្រេង​ទាំងនោះ​តាមរយៈ​ផ្លូវ​ក្រោម​ដី​ហើយនឹង​យកទៅ​ប្រើប្រាស់​ក្នុង​បុព្វហេតុ​សង្គ្រាម​ទៅវិញ។

ប៉ុន្តែ​ក្រុម​ហា​ម៉ាស់​បាន​បដិសេធ​ការចោទប្រកាន់​របស់​អ៊ីស្រាអែល​ដែលថា ​ខ្លួន​មាន​ប៉ុស្តិ៍​បញ្ជាការ​នៅក្រោម​មន្ទីរពេទ្យ​ Shifa និង​មន្ទីរពេទ្យ Gaza ផ្សេងទៀត។

ស្ថានការណ៍​បច្ចុប្បន្នភាព​ចុងក្រោយ​របស់​សង្គ្រាម​នៅ​អ៊ីស្រាអែល​នា​ថ្ងៃទី ១៣ ខែវិច្ឆិកា​នេះ ​បាន​ឈានដល់​ការជាប់គាំង​ទាំងស្រុង​នៃ​ប្រតិបត្តិការ​នៅក្នុង​មន្ទីរពេទ្យ​ ខណៈដែល​បុគ្គលិក​សុខាភិបាល​អ្នកជំងឺ​និង​អ្នកស្នាក់នៅ​រាប់ពាន់នាក់​ត្រូវបាន​ជាប់គាំង​នៅ​ខាងក្នុង​ដោយសារតែ​ការប្រយុទ្ធ​គ្នា​នៅ​ខាងក្រៅ​បរិវេន​មន្ទីរពេទ្យ។

នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ថា​គ្មាន​ហេតុផល​ណា​ដែល​អ្នកជំងឺ​មិនអាច​ត្រូវ​ជម្លៀស​ចេញពី​មន្ទីរពេទ្យ Al-Shifaនោះទេ​ព្រោះ​អ៊ីស្រាអែល​បាន​បើក​ច្រករបៀង​សម្រាប់​ជ​ម្លៀ​ង​រួចរាល់​ហើយ។

ប៉ុន្តែ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​បាន​និយាយថា​បើទោះជា​អ៊ីស្រាអែល​បាន​បើក​ច្រក​សម្រាប់​ជម្លៀស​អ្នកជំងឺ​ក៏ដោយ ក៏​គ្មាន​នរណាម្នាក់​ហ៊ាន​ចាក​ចេញពី​មន្ទីរពេទ្យ​នោះដែរ៕