មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​​ជាតិ​អាមេរិក កាលពី​ថ្ងៃទី ​១៤​ វិច្ឆិកា​កន្លងទៅ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។ ក្នុង​ដំណើរ​នោះ ភាគី​ទាំង​ ២ បានធ្វើ​សេចក្ដី​ថ្លែង​ការណ៍​រួមមួយ​ដោយ​ព្រមាន​កូរ៉េខាងជើង​អំពី​មហិច្ឆតា និង​ការគំរាមកំហែង​នុយក្លេអ៊ែរ​ដ៏​សែន​គ្រោះថ្នាក់​។​ 

​ឆ្លើយតប​សេចក្តីថ្លែងការណ៍​ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ កូរ៉េខាងជើង​បានចេញ​សេចក្ដី​ថ្លែងការណ៍​ដោយបាន​រិះគន់​ចំៗ​ទៅលើ​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក Lloyd Austin ដោយ​កូរ៉េខាងជើង​បាន​ប្ដេជ្ញា​នឹង​ឆ្លើយតប​យ៉ាង​ចាស់ដៃ​ចំពោះ​ការគំរាមកំហែង​នានា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​។​

​សេចក្តីថ្លែងការណ៍​ដដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា កង​​កម្លាំងប្រដាប់អាវុធរ​បស់​កូរ៉េ​ខាងជើង​នឹង​ឆ្លើយតប​រាល់​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​របស់ខ្លួន ជាមួយនឹង​សមត្ថភាព​សព្វាវុធ​ដ៏​ខ្លាំងក្លា និង​តាមរយៈ​យុទ្ធសាស្ត្រ​យោធា​ដ៏​រឹងមាំ​។​

​យ៉ាងណាមិញ ក្នុងអំឡុង​ពេល​ទស្សនកិច្ច​របស់​លោក Austin ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង ភាគី​ទាំង​ ២​ បាន​កែ​ប្រែ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី សំដៅ​រារាំង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​

​ក្នុងពេល​នោះដែរ ក្រសួង​​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា ការកែប្រែ​ឡើងវិញ​នេះ​គឺមាន​ភាពចាំបាច់ ដោយ​សារ​តែ​យុទ្ធសាស្ត្រ​ដែលមាន​ស្រាប់ មិនអាច​ដោះស្រាយ​ឱ្យ បាន​គ្រប់​ជ្រុងជ្រោយ​នូវ​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​កម្មវិធី​មី​ស៊ី​ល​អន្តរទ្វីប និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះឡើយ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ លោក Austin បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អាន់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken) ទៅកាន់​កូរ៉េ​ខាងត្បូង​កាលពី​សប្តាហ៍​មុន​។​

​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង មន្ត្រី​កំពូល​របស់​សហរដ្ឋអាមេរិក​ទាំង ​២​ បាន​ប្ដេជ្ញា​ធានា​ការពារ​សន្តិសុខ​នៅក្នុង​តំបន់ស្រប​ពេលដែល​ពិភពលោក​កំពុង​មានការ​ព្រួយ​បារម្ភ​អំពី​ភាពល្អូកល្អឺន​នៃ​ទំនាក់​ទំនង​រុស្ស៊ី​-​កូរ៉េខាងជើង​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការ​បរ​ទេស​កូរ៉េខាងត្បូង​លោកស្រី Park Jin ក៏បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ជប៉ុន លោក Yoko Kamikawa នៅ​ទីក្រុង​សាន់ហ្រ្វាន់​ស៊ី​ស្កូ ហើយ​ក៏បាន​យល់ព្រម​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ដោះស្រាយ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។​ 

​បស្ចិមប្រទេស​រួមជាមួយ​សម្ព័ន្ធ​នៅ​អាស៊ី​បូព៌ា​បានបង្ហាញ​ពី​កង្វល់​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ទៅកាន់​សហព័ន្ធរុស្ស៊ី​កាលពី​ខែកញ្ញា ដែល​ភាគី​ទាំង ​២​​ អាច​ផ្លាស់ប្តូរ​កម្មវិធី​ទំនើបកម្ម​អាវុធ​៕