អ្នកកាសែត ៣ នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ក្បែរ​ព្រំដែន​អ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​លី​បង់​បាន​រាយការណ៍​ថា ការវាយប្រហារ​តាម​អាកាស​ក៏បាន​សម្លាប់​ជន​ស៊ីវិល​បីនាក់​ផ្សេងទៀត​ផងដែរ​នៅ​តំបន់ តា​យ​ហា​ហ្វា (Tayr Harfa) ដែលមាន​ចម្ងាយ​ប្រហែល ១,៦ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ីស្រាអែល។

ក្នុងចំណោម​អ្នកកាសែត ៣ នាក់​ ដែល​បាន​ស្លាប់​នោះ មាន ២ នាក់​ធ្វើ​ការឱ្យ​ទូរទស្សន៍ប៉ុស្ដិ៍​Al Mayadeen គឺ​កញ្ញា ហ្វា​រ៉ា អូ​ម៉ា (Farah Omar)និង​លោក រ៉ា​ប៊ី ម៉េ​ម៉ា​រី (Rabih Me'mari)។ ដោយឡែក អ្នកកាសែត​ទី​បី ត្រូវបាន​គេ​ដឹងថា​ជា​អ្នកកាសែត​ក្នុងស្រុក និង​ជា​អ្នក​ដែល​ធ្វើ​ការជួយ​សម្រួល​ដល់​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ផងដែរ។ ហេតុការណ៍​នេះ បានធ្វើឱ្យ​ចំនួន​អ្នកកាសែត​សរុប​ដែល​បាន​ស្លាប់​នៅ​លី​បង់​ក្នុងឆ្នាំនេះ​កើន​ដល់​ជាង ៥០ នាក់​ហើយ។

នាយក​ប៉ុស្ដិ៍​ទូរទស្សន៍ ​Al Mayadeen លោក ហ្កា​សាន ប៊ិន​ជី​ដូ (Ghassan bin Jiddo) បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា​បានកំណត់​គោលដៅ​បាញ់ប្រហារ​ដោយ​ចេតនា ដើម្បី​សម្លាប់​អ្នកកាសែត​របស់ខ្លួន​ពីរ​នាក់​នៅក្នុង​ការវាយប្រហា​រ​តាម​អាកាស​មួយ។លោក​បាន​បន្តថា ការវាយប្រហារ​នេះ​មិនមែនជា​ឧបទ្ទវហេតុ​នោះទេ ប៉ុន្តែ​ជាការ​សម្រេចចិត្ត​របស់​អ៊ីស្រាអែល​ក្នុង​គោលបំណង​សម្ដែង​ការមិន​ពេញចិត្ត​នឹង​គេហទំព័រ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​នេះ ដែល​តែងតែបាន​រិះគន់​រដ្ឋាភិបាល​អ៊ីស្រាអែល។

លោកស្រី ហ្សី​ណា ខ​ដ (Zeina Khodr) អ្នករាយការណ៍​ប្រចាំ​នៅ​កាសែត Al Jazeera បាន​រាយការណ៍​ចេញពី​តំបន់​ភាគខាងត្បូង​ប្រទេស​លី​បង់​ថា៖«ការបាញ់ប្រហារ​នេះ​បានកំណត់​គោលដៅ​ជាមុន​ទៅលើ​អ្នកកាសែត​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​លី​បង់ បណ្ដាលឱ្យ​ស្លាប់​អ្នករាយការណ៍​ម្នាក់ និង​អ្នក​ថតរូប​និង​វី​ឌី​អូ​ម្នាក់ ដែល​ពួកគេ​ធ្វើ​ការឱ្យ​ប៉ុស្ដិ៍​ទូរទស្សន៍ Al Mayadeen។ អ្នក​ទី​បី​ដែល​នៅ​ជាមួយ​ពួកគេ​ក៏ត្រូវ​បាន​ស្លាប់​ផងដែរ»។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ Al Jazeera បាន​និយាយថា៖«ការស្លាប់​របស់​អ្នកកាសែត​អាចជា​ការប៉ុនប៉ង​រប​ស់​កងទ័ព​អ៊ីស្រាអែល​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ»។ គួរ​ដឹង​ដែរ​ថា អ៊ីស្រាអែល​បានដាក់​ទូរទស្សន៍ Al Mayadeen ក្នុង​បញ្ជីខ្មៅ​ដោយ​ចោទប្រកាន់ថា​បាន​គាំទ្រ​សត្រូវ​របស់ខ្លួន។

រដ្ឋមន្ត្រី​ទំនាក់ទំនង​អ៊ីស្រាអែល លោក ស្លូ​ម៉ូ កា​ហ៊ី (Shlomo Karhi) បាន​លើកឡើងថា លោក​បានចាប់ផ្តើម​ធ្វើកា​រ​ព្យាយាម​បិទ​គេហទំព័រ Al Mayadeen និង​បិទ​ការិយាល័យ​របស់​ពួកគេ។ ទន្ទឹមនឹងនេះ លោកស្រី ខ​ដ បាន​និយាយថា «រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លី​បង់​បាន​ស្នើឱ្យ​មន្ត្រី​យោធា បើក​ការស៊ើបអង្កេត​លើ​ករណីនេះ»។ លោកស្រី​បាន​រំលេច​ថា នេះ​គឺជា​ការបាញ់ប្រហារ​លើក​ទី​បី​ហើយ​ទៅលើ​អ្នកកាសែត​រាប់​ចាប់តាំងពី​ថ្ងៃទី១៣ ខែតុលា។

យ៉ាងណាក៏ដោយ យោធា​អ៊ីស្រាអែល​ក៏បាន​ប្រកាស​ដែរ​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP ។ ការស្លាប់​ចំនួន ៣ នាក់​លើក​នេះ ជា​ករណី​ដែល​បាន​កើតឡើង​បន្ទាប់ពី​អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​ជាង ៥០នាក់​បាន​បាត់​បង់ជីវិត​ក្នុងអំឡុងពេល​សង្គ្រាមរ​យៈ​ពេល ៤៦ថ្ងៃ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កា​ហ្សា នេះ​បើ​យោងតាម​គណៈកម្មាធិការ​ការពារ​អ្នកកាសែត។

អ្នកកាសែត​ដែល​បាន​ស្លាប់​ភាគច្រើន ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន។ ចាប់តាំងពី​ថ្ងៃទី៧ ខែតុលា នៅពេលដែល​អ៊ីស្រាអែល​ប្រកាសសង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​បន្ទាប់ពី​ការវាយប្រហារ​របស់​ពួក​ហា​ម៉ាស​លើទឹក​ដី​អ៊ីស្រាអែល ក៏មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហេស​បូ​ឡា (Hezbollah) នៅលើ​ព្រំដែន​អ៊ីស្រាអែល-លី​បង់​ផងដែរ។

ការប្រយុទ្ធ​គ្នា​នាពេលថ្មីៗនេះ​បាន​នាំឱ្យមាន​ការស្លាប់​យុទ្ធជន​របស់​ក​ក្រុម​ហេស​បូ​ឡា​ចំនួន ៧០នាក់ ជន​ស៊ីវិល​លី​បង់ ១៣នាក់ ទាហាន​អ៊ីស្រាអែល ៧នាក់ និង​ជន​ស៊ីវិល​អ៊ីស្រាអែល ៣នាក់ ។ ការប្រយុទ្ធ​នេះ​គឺជា​ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ រាប់​ចាប់តាំងពី​ឆ្នាំ២០០៦ មក៕