ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង នៅថ្ងៃនេះ​បាននិយាយ​ថា មេដឹកនាំ​លោក Kim Jong Un បានអំពាវនាវ​ឱ្យ​យោធា​មានការត្រៀម​លក្ខណៈ ក្នុងករណី​ចាំបាច់​ធ្វើការឆ្លើយតប​ទៅនឹង​ការបង្កហេតុ​ណាមួយ​ពីសំណាក់​សត្រូវ។ លើសពីនេះ​ទីក្រុងព្យុងយ៉ាង​បានប្តេជ្ញា​ថា​នឹងដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​ខ្លាំង​ជាងមុន និងសព្វាវុធថ្មី​នៅតាមព្រំដែន​របស់​ខ្លួន​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ។ 

ទីភ្នាក់ងារ​សារព័ត៌មាន KCNA បានឱ្យដឹង​ថា ដំណើរ​ទស្សនកិច្ច​ទៅកាន់ទី​បញ្ជាការ​កងទ័ព​អាកាស កាលពី​ថ្ងៃព្រហស្បតិ៍ លោក គីម បានដាក់ចេញ​នូវគោលការណ៍​ណែនាំ​យុទ្ធសាស្ត្រ​ប្រតិបត្តិការ ដើម្បី​បង្កើនការ​ត្រៀមខ្លួន និងសមត្ថភាព​ធ្វើ​សង្គ្រាម​របស់​យោធា។

KCNA បានបញ្ជាក់​ថា លោក គីម បានវាយ​តម្លៃខ្ពស់​នូវការត្រៀមខ្លួន​ដ៏តឹងតែង​របស់​ក្រុមអ្នកបើក​យន្តហោះ​ក្នុងការអនុវត្ត​បេសកកម្ម​ប្រយុទ្ធ​តាមផ្លូវអាកាស​ដោយមិនគិត​ពី​ឧបសគ្គ ឬដែនកំណត់​ណាមួយ​ដែលមិនអំណោយផល​នោះទេ។ 
 គួរជម្រាប​ថា កាលពី​សប្តាហ៍មុន​ប្រទេស​កូរ៉េខាងជើង​បានបាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍​ដំបូង​របស់​ខ្លួន​ដោយ​ជោគជ័យ ដែលវា​អាចជួយ​សម្រួល​យ៉ាងខ្លាំង​ដល់​ទីក្រុងព្យុងយ៉ាង​ក្នុងការតាមដាន​ចលនា​យោធា​របស់​សហរដ្ឋ​អាមេរិក និងកូរ៉េខាងត្បូង។ 

ក្រោយការបាញ់​បង្ហោះ​នេះ សហរដ្ឋ​អាមេរិក និងសម្ព័ន្ធមិត្ត​បានថ្កោលទោស​យ៉ាងខ្លាំង​និង​ថា​ជា ការរំលោភ​លើ​ដំណោះស្រាយ​ជាច្រើន​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។  

ជុំវិញការថ្កោលទោស​នេះដែរ ទីក្រុង​ព្យុងយ៉ាង​ឯណោះ​បានឆ្លើយតប​ថា ខ្លួននឹង​បាញ់​បង្ហោះ​ផ្កាយរណប​បន្ថែមទៀត ដោយហៅ​វាថា​ជាការអនុវត្ត​សិទ្ធិ​ការពារខ្លួន។ 

សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍​ក៏បាន​កំណត់គោលដៅ​លើ​កូរ៉េខាងជើង​ជាមួយនឹង​ទណ្ឌកម្ម​ថ្មី​ជុំវិញ​ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ​ដែរ។

ចំណែក​កូរ៉េខាងត្បូង​ដែលជាសត្រូវ​ធំ បានផ្អាក​ផ្នែកមួយ​នៃកិច្ច​ព្រមព្រៀងយោធា​អន្តរកូរ៉េ ដើម្បី​ឆ្លើយតបទៅនឹង​ការបាញ់​បង្ហោះ​ផ្កាយរណប​កូរ៉េខាងជើង ព្រមទាំង​បានបង្កើន​ការឃ្លាំមើល​នៅតាមព្រំដែន​ជាមួយ​កូរ៉េខាងជើង៕