ក្រុមមន្ត្រី​បាន​និយាយថា ភ្នំភ្លើង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី៣ខែធ្នូ ដោយ​​ផ្ទុះផេះភ្នំភ្លើង​ប្រហែល ៣ គីឡូម៉ែត្រ​ទៅលើ​មេឃ និង​មិន​ទាន់​មាន​របាយការណ៍​បឋម​អំពី​ការ​ខូច​ខាត​និង​ការ​បាត់បង់​អាយុជីវិត​​នៅ​ឡើយទេ។ 

​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP ស្រង់សម្តី​ ​លោក Hendra Gunawan ប្រធាន​មជ្ឈមណ្ឌល​នៃ​ភ្នំភ្លើង និង​គ្រោះមហន្តរាយ​ភូមិសាស្ត្រ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​អះអាង​ថា ផេះ​ពី​ភ្នំ Marapi នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​ត្រូវបាន​គេ​សង្កេតឃើញ​នៅ​កម្ពស់ ៣០០០ ម៉ែត្រ​ពីលើ​កំពូលភ្នំ​នេះ។ 

មិនទាន់មាន​របាយការណ៍ភ្លាមៗអំពី​ការខូចខាត​ឬ​អ្នកស្លាប់​និង​របួស​បន្ទាប់ពី​ការផ្ទុះ​នៅ​ម៉ោង ២ និង ៥៤ នាទី​រសៀល​នោះទេ។

លោក Gunawan បាន​និយាយថា៖«កម្ពស់​ផេះ​បាញ់ទៅលើ​ត្រូវបាន​គេ​សង្កេតឃើញ​មាន​ពណ៌​ប្រផេះ​ជាមួយនឹង​អាំង​តង់​ស៊ី​តេ​ក្រាស់ខ្មឹក​ឆ្ពោះទៅ​ទិសខាងកើត»។

ភ្នំភ្លើង​ដែលមាន​កម្ពស់ ២៨៩១ ម៉ែត្រ​ស្ថិតក្នុង​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត​ទី​បី​នៃ​ប្រព័ន្ធ៤ ជំហាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​អាជ្ញាធរ​បានដាក់​តំបន់​មិន​រាប់បញ្ចូល​ជុំវិញ​រណ្ដៅ​ភ្នំភ្លើង Marapi ។

លោក Gunawan បាន​និយាយថា «សហគមន៍​ជុំវិញ​ភ្នំភ្លើង Marapi និង​អ្នកទេសចរ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឡើង​ភ្នំភ្លើង Marapi ក្នុង​កាំ​បី​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង ឬ​កំពូលភ្នំ​នោះទេ»។

លោក Ahmad Rifandi មន្ត្រី​នៅ​ស្ថានីយ៍​ត្រួតពិនិត្យ Mount Marapi បាន​និយាយថា ភ្លៀង​ផេះ​ត្រូវបាន​គេ​សង្កេតឃើញ​​ធ្លាក់​ចុះ​យ៉ាងក្រាស់​បន្ទាប់ពី​ការផ្ទុះ។

លោក ​បាន​និយាយថា «សម្រាប់​ភ្លៀង​ផេះ​ វា​បាន​ទៅដល់​ទីក្រុង Bukittinggi» ដោយ​សំដៅ​ទៅលើ​ទីក្រុង​ធំ​ទី​បី​នៅ​ស៊ូ​ម៉ា​ត្រា​ខាងលិច​ដែលមាន​ប្រជាជន​ច្រើនជាង ១០ម៉ឺន​នាក់។

«គេ​សង្ឃឹមថា​អ្នក​ដែលមាន​សកម្មភាព​នៅ​ជុំវិញ​ភ្នំ Marapi ត្រូវ​ពាក់មួក វ៉ែនតា និង​ម៉ាស»។
Mount Marapi ដែល​មានន័យថា «ភ្នំភ្លើង»គឺជា​ភ្នំភ្លើង​សកម្ម​បំផុត​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា៕