ការជម្លៀស​ខ្លួន​កំពុង​ដំណើរ​ការ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,៥ ​រ៉ិ​ច​ទ័​រ បា​ន​វាយប្រហារ​តំបន់​ភាគខាងត្បូង​នៃ​កោះ​មីន​ដា​ណាវ ​កាលពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់​នេះ​ទៀតសោត បង្កឱ្យមាន​ក្តី​ព្រួយបារម្ភ​អំពី​រលក​យក្ស​ស៊ូណាមិ កើតឡើង​នៅក្នុង​ប្រទេស​ហ្វីលីពីន​ផ្ទាល់ និង​ក្នុងប្រទេស​ជប៉ុន​។​

​ជុំវិញ​ក្តីបារម្ភ​នេះ​ទីភ្នាក់ងារ​​អាមេរិក​មួយ​បាន​និយាយថា​ហានិភ័យ​នៃ​រលក​ធំៗ​ បាន​កន្លង​​ផុត​ទៅហើយ បើទោះជា​ដំបូង​ឡើយ​ប្រព័ន្ធ​តាមដាន​រលក​យក្ស​​ស៊ូណាមិ របស់​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា នឹង​អាចមាន​ការកើតឡើង​នៃ​រលក​កម្ពស់​រហូតដល់ ៣​ ម៉ែត្រ (១០​ ហ្វី​ត​ពីលើ​កម្រិត​ទឹករលក​ខ្ពស់​ធម្មតា​)​។​

​ចំណែក​វិទ្យាស្ថាន​ភ្នំភ្លើង និង​រញ្ជួយ​ដី​ហ្វីលីពីន «Phivolcs» ​វិញ​បាន​អះអាងថា ហានិភ័យ​នៃ​រលក​យក្ស​នេះ​នៅតែមាន​។​

​បើតាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​វិញ​បានឱ្យដឹងថា រលក​កើនឡើង​កម្ពស់​ ៤០ សង់ទីម៉ែត្រ​ត្រូវបាន​គេ​សង្កេតឃើញ​នៅលើ​កោះ ​Hachijojima ​របស់​ប្រទេស​ជប៉ុន​ចម្ងាយ​ប្រហែល​ ២៩០ ​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​តូ​ក្យូ​។​

​យ៉ាងណា​មកទល់ពេលនេះ​ការជម្លៀស​ខ្លួន​កំពុង​បន្ត​នៅក្នុង​ប្រទេស​ហ្វីលីពីន ខណៈ​មិនទាន់មាន​ការរាយការណ៍​បឋម​អំពី​ការខូចខាត​ដែល​បង្កឡើង​ដោយ​រលក​ធំៗ​ឬ​ការ​ស្លាប់បាត់​បង់ជីវិត បើទោះបីជា​មានការ​រញ្ជួយ​ដី​នៅតែ​បន្ត​កើតមាន​ក៏ដោយ​។​

​ស្របពេល​ជាមួយគ្នានេះដែរ​វិទ្យាស្ថាន​ Phivolcs របស់​ប្រទេស​ហ្វីលីពីន​ក៏​ចេញ​សេចក្តី​​ប្រកាស ដោយ​ជំរុញ​ឱ្យ​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ឆ្នេរសមុទ្រ​នៃ​ខេត្ត Surigao Del Sur និង​ខេត្ត  Davao Oriental ជម្លៀស​ខ្លួន ឬ​ផ្លាស់​ទី​ទៅ​ឆ្ងាយ​ក្នុង​ដីគោក​៕