ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ ​KCNA​ បាន​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ ទី​ ៣ ខែធ្នូ​ថា កា​រិ​យា​​ល័យ​ប្រតិបត្តិការ​ផ្កាយរណប ចារកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ជើង បានចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ហើយ ក្នុងនាម​ជា​អង្គ​ភាព​ស៊ើបការណ៍​យោធា​។ យោង​សេចក្តីរាយការណ៍​បន្ត​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

KCNA បាន​ផ្សព្វផ្សាយ​ថា ទីតាំង​ការិយាល័យ​នៅ​ម​ជ្ឈ​​មណ្ឌល​គ្រប់គ្រង​ទូទៅ​ក្រុង​​ព្យុងយ៉ាង​របស់​រដ្ឋបាល បច្ចេកវិទ្យា​អវកាស​ជាតិ (NATA)​ បានចាប់ផ្តើម​បេសកកម្ម​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ហើយនឹង​រាយ​ការណ៍​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន ទៅកាន់​ការិយាល័យ​ចារកម្ម​នៅ​កងទ័ព និង​អង្គភាព​សំខាន់ៗ​ផ្សេងទៀត​។​

​កូរ៉េខាងជើង​និយាយថា ខ្លួន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចារ​កម្ម​យោធា​ដំបូង​របស់ខ្លួន​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី ​២១ ខែ​វិច្ឆិកា ដោយ​បញ្ជូន​រូបភាព​សេត​​វិមាន មន្ទីរ​បញ្ច​កោណ មូលដ្ឋាន​យោធា​អាមេរិក និង​តំបន់​គោល​ដៅ​ផ្សេងៗ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​

​យ៉ាងណាមិញ កូរ៉េខាងជើង​មិនទាន់បាន​បញ្ចេញ​រូបភាព​ណាមួយ​ពី​ផ្កាយរណប​នេះ​ទេ មកទល់ពេលនេះ​ដោយ​ទុកឱ្យ​អ្នកវិភាគ និង​រដ្ឋាភិបាល​បរទេស​ជជែក​វែកញែក ថា​តើ​ផ្កាយរណប​ថ្មី​នេះ​ពិត​ជាមាន​សមត្ថភាព ឬ​យ៉ាងណា​។​

​ក្នុង​អត្ថបទ​ដាច់ដោយឡែក​មួយ​ដែល​ KCNA រាយការណ៍​កាលពី​ថ្ងៃអាទិត្យ អ្នក​អត្ថា​​ធិ​ប្បាយ​យោធា​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា កូរ៉េខាងត្បូង​ជា​អ្នក​ខុស​លើ​ការរំសាយ​កិច្ច​ព្រម​​ព្រៀង​កសាង​ទំនុកចិត្ត​យោធា​រវាង​ប្រទេស​ទាំង​ ២ ហើយ​ថា ប្រទេស​កូរ៉េខាងជើង​អាច​បាញ់​បង្ហោះ​ផ្កាយរណប​ដូច​ប្រទេស​ផ្សេងទៀត​ដែរ​។

​អត្ថបទ​ដដែល​ក៏បាន​អះអាង​ដែរ​ថា ផ្កាយរណប​ចារកម្ម​យោធា​ដំបូង ដែល​កូរ៉េខាងត្បូង​ទើបនឹង​បាញ់​បង្ហោះ​ថ្មី​នេះ បង្ហាញ​ពី​ភាពផ្ទុយ​គ្នា​នៃ​អ្វីដែល​ខ្លួន​បាន​ឃោសនា​។  

​កាលពី​ថ្ងៃ​សុក្រ គ្រាប់​រ៉ុក្កែត​បាញ់​បង្ហោះ Falcon 9 ពី​ក្រុម​​ហ៊ុន SpaceX បាន​ដឹក​ផ្កាយ​រណប​ចារកម្ម​ដំបូង​របស់​កូរ៉េ​ខាងត្បូង​ទៅកាន់​គន្លង​គោចរ​ពី​មូលដ្ឋាន​កងកម្លាំង​អវកាស​ Vandenberg នៃ​រដ្ឋ​កាលីហ្វ័រ​នី​ញ៉ា​។ កូរ៉េខាងត្បូង បាន​ចុះ​កិច្ច​​សន្យា​ជាមួយ​ក្រុមហ៊ុន​អាមេរិក មួយ​នេះ ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​សរុប​ចំនួន​ ៥​ត្រឹម​ឆ្នាំ​ ២០២៥ ដើម្បី​ជា​កិច្ច​​ខិតខំ​ប្រឹងប្រែង​ព​ន្លឿ​ន​គោល​​ដៅ​របស់ខ្លួន​ក្នុងការ​ឃ្លាំមើល​ឧបទ្វីប​កូរ៉េ ២៤ ​ម៉ោង​។

​ការវិវឌ្ឍ​ចុងក្រោយ​ទាំងអស់នេះ កើតឡើង​ស្រប​ពេលដែល​ស្ថានភាព​នៃ​ឧបទ្វីប​កូរ៉េ​បន្ត​ភាព​តានតឹង​។ កូរ៉េខាងជើង​បាន​និយាយ​កន្លងមក​ថា ខ្លួន​នឹងដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​​អាវុធ​ខ្លាំង​ជាង​មុន និង​សព្វាវុធ​ថ្មី​នៅតាម​ព្រំដែន​ជាប់​កូរ៉េ​ខាង​ត្បូង​ក្រោយ​ក្រុង​សេ​អ៊ូ​ល​ផ្អាក​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ ​២០១៨៕