ប្រធាន​អង្គការ ​Interpol កាលពី​ថ្ងៃ​ពុធ ​ទី ២៧ ខែមីនា ​កន្លងទៅថ្មីៗនេះ​បាន​និយាយថា​ រង្វង់​ឧក្រិដ្ឋកម្ម​រៀបចំឡើង​ដែល​ជំរុញឱ្យមាន​ការផ្ទុះ​ឡើង​នៃ​ការជួញដូរ​មនុស្ស និង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីន​ធឺណិត ​​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីត ១៩ បាន​ពង្រីក​ចេញពី​តំបន់​អាស៊ីអាគ្នេយ៍​ទៅជា​បណ្តាញ​សកល​ដែល​រកប្រាក់​ចំណូល​បាន​រហូតដល់ ៣ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

អគ្គលេខាធិការ Interpol លោក Jurgen Stock នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ការិយាល័យ​សម្របសម្រួល​ប៉ូលិស​ពិភពលោក​របស់​ប្រទេស​សិង្ហ​បុរី​ បានឱ្យដឹងថា៖ «វា​បំផុស​បំផុល​ដោយ​ភាព​អនាមិក​តាម​អ៊ីនធឺណិត​។ វា​បំផុសគំនិត​គំរូ​អាជីវកម្ម​ថ្មី​នេះ និង​វិវត្ត​​យ៉ាង​លឿន​ដោយសារ​កូ​វីត ១៩​។ ក្រុម​ឧក្រិដ្ឋជន​ដែល​បានរៀបចំ​សកម្មភាព​ទាំងនេះ បច្ចុប្បន្ននេះ​ពួកគេ​កំពុងធ្វើការ​ក្នុង​កម្រិត​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​បើ​ប្រៀប​នឹង​កាល​ពីមួយ​ទសវត្សរ៍​មុន»។ 

អគ្គលេខាធិការ​អង្គការ​មួយ​នេះ​បន្តថា៖ «អ្វីដែល​បានចាប់ផ្តើម​ដោយសារ​ការគំរាមកំហែង​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់​នៅ​អាស៊ីអាគ្នេយ៍ ពេលនេះ​បានក្លាយ​ទៅជា​វិបត្តិ​ការជួញដូរ​មនុស្ស​ទូទាំង​ពិភពលោក​ដែលមាន​ជនរងគ្រោះ​រាប់លាន​នាក់ ជាប់​ខ្លួន​ជា​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​និង​មនុស្ស​ខ្លះទៀត​កំពុង​ក្លាយជា​គោលដៅ​របស់​ពួកគេ»។

លោក Jurgen Stock បាន​និយាយថា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិតថ្មីៗ ជារឿយៗមាន​បុគ្គលិក​ដែល​មិនមាន​ឆន្ទៈ​ដោយ​ពួកគេ​ត្រូវបាន​ជួញដូរ​ជាមួយនឹង​ការសន្យា​ទទួលបាន​ការងារ​ស្របច្បាប់ ក៏ប៉ុន្តែ​ពួកគេ​នេះហើយ​បាន​ជួយ​ក្រុម​ឧក្រិដ្ឋកម្ម​រក​ចំណូល​រួមទាំង​ពី​វិធី​ផ្សេងទៀត​ដូចជា​ការជួញដូរ​គ្រឿង​ញៀន។ ក្នុងនោះ​អាជីវកម្ម​ជួញដូរ​គ្រឿង​ញៀន​នៅតែ​ចូលរួមចំណែក​ពី ៤០% ទៅ ៧០% នៃ​ប្រាក់ចំណូល​ក្រុម​ឧក្រិដ្ឋជន។

លោក Stock ថា ​ក្រុមមនុស្ស​ទាំងនេះ​ជួយ​រក​ចំណូល​ឱ្យ​អាជីវកម្ម​ឧក្រិដ្ឋកម្ម​របស់​ពួកគេ​ដោយ​ប្រើ​ផ្លូវ​ជួញដូរ​គ្រឿងញៀន​រួមជាមួយ​នឹង​ការជួញដូរ​មនុស្ស​ការ​ជួញដូរ​អាវុធ​កម្មសិទ្ធិ​បញ្ញា​ផលិតផល​លួច​រថយន្ត​ចោរលួច​ជាដើម។

ទឹកប្រាក់​ចំណូល​ខុសច្បាប់​ប្រហែល ២ ពាន់​ពាន់​លាន​ដុល្លារ​ទៅ ៣ ពាន់​ពាន់​លាន​ដុល្លារ ត្រូវបាន​បញ្ជូន​តាមរ​យៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ហើយ​ក្រុម​ឧក្រិដ្ឋកម្ម​អាច​រកប្រាក់​បាន ៥០ ពាន់ លាន​ដុល្លារ​ក្នុង​ ១ ឆ្នាំ។

ស្របពេល​ជាមួយគ្នានេះដែរ​លោក Stock បាន​កោតសរសើរ​ប្រទេស​សិង្ហ​បុរី​ ចំពោះ​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​រកឃើញ​ករណី​លាងលុយកខ្វក់​កាលពី​ឆ្នាំមុន​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ជាង ៣ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ឬ ២.២៣ ពាន់​លាន​ដុល្លារ​អាមេរិក៕