នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra ប្រកាសបន្ត​​បង្ក្រាប​បារី​អេឡិច​ត្រូនិច ឬ វ៉ែប (Vape) មិន​ថា​អ្នក​ផលិត ឬ​អ្នក​លក់​នោះ​ទេ​ បន្ទាប់​ពី​ប្រតិបត្តិការ​ជាង​ ២​ សប្ដាហ៍ សមត្ថកិច្ច​រឹបអូស​វ៉ែប​បាន​ជាង ៩០​ម៉ឺន​ដើម មាន​តម្លៃ​ជាង ៣,៥​លាន​ដុល្លារ។

ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី១៤​ ខែ​មីនា​នេះ លោក​ស្រី Paetongtarn បញ្ជាក់​ថា ជាង​២​សប្ដាហ៍​កន្លង​ទៅ ​បទបញ្ជា​ក្នុង​ការ​បង្ក្រាប​វ៉ែប ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ដោយ​តួលេខ​ដែល​បង្ក្រាប​បាន​កាន់​តែ​ប្រសើរ ហើយ​គួរ​ឲ្យ​ពេញ​ចិត្ត។

លោកស្រី​ថា ករណី​ល្មើស​ច្បាប់​ចំនួន ១០៧៨​ ត្រូវ​បាន​បង្ក្រាប​ ហើយ​​ជន​សង្ស័យ​ចំនួន ១១០៤​នាក់ ត្រូវ​បានចាប់​ខ្លួន​ រួម​ជាមួយ​នឹង​ការ​រឹប​អូស​​វ៉ែប​ជាង ៩០​ម៉ឺន​ដើម ដែល​មាន​តម្លៃ​ជិត​ ១១៨​លាន​បាត ឬ ប្រមាណ​ជាង ៣,៥​លាន​ដុល្លារ។

លោកស្រី​ចាត់​តាំង រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​និង​អគ្គស្នងការ​ប៉ូលិស​ថៃ ឲ្យ​បន្ត​វិធានការ​បង្ក្រាប​នេះ​ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​លទ្ធផល​ដែល​សម្រេច​បាន ជា​ពិសេស​ការ​នាំ​ចូល ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ ជា​ពិសេស​ការ​ដាក់​លក់​វ៉ែប​នៅ​លើ​បណ្ដាញ​សង្គម។

លោកស្រី​ថា៖ «បញ្ហា​នេះ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​លឿន។ អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​ទៅ​រដ្ឋមន្ត្រី និង​អគ្គស្នងការ​គឺ​ថា វ៉ែប​ខ្លះ​មាន​គ្រឿង​ញៀន។ មនុស្ស​ជា​ច្រើន​ប្រើ​វ៉ែប​ដែល​ដូច​នឹង​គ្រឿង​ញៀន​ដែរ ហើយ​វា​​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ញៀន​ថ្នាំ​របស់​ក្មេងៗ។ ទាំង​ការ​ជក់​វ៉ែប និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន យើង​ត្រូវ​តែ​បន្ត​វិធានការ​មឺងម៉ាត់​ ពីព្រោះ​នេះ​ជា​ទុក​លំបាក​សម្រាប់​បង​ប្អូន​យើង»។

កាល​ពី​ចុង​ខែ​កុម្ភៈ​ រដ្ឋាភិបាល​ថៃ​បាន​ដាក់​យុទ្ធនាការ​រយៈ​ពេល ១​ខែ​ដើម្បី​បង្ក្រាប​ទៅ​លើ​ការ​នាំ​ចូល និង ការ​លក់​ដូរ​បារី​អេឡិច​ត្រូនិច​នេះ​៕