ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន បដិសេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​គ្នា​ពេញលេញ​ភ្លាមៗ​នៅ​អ៊ុយក្រែន ដោយ​យល់​ព្រម​ត្រឹម​តែ​ឈប់​វាយ​ប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន ដែល​នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ។

មេដឹកនាំ​រុស្ស៊ី​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​សំណើ​ឈប់​បាញ់​គ្នា​រយៈ​ពេល​ ៣០ ថ្ងៃ​ដែល​ក្រុម​ការងារ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ស្នើ​កាល​ពី​សប្ដាហ៍​មុន​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដោយ​ដាក់​លក្ខខណ្ឌ​ថា កិច្ច​ឈប់​បាញ់​គ្នា​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ជំនួយ​យោធា និង ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ពី​រដ្ឋ​បរទេស​បាន​បញ្ចប់​ជាមុន​សិន។​

ការ​លើក​ឡើង​របស់​លោក ពូទីន បែប​នេះ​ធ្លាប់​ត្រូវ​បាន​សម្ព័ន្ធ​មិត្ត​អ៊ុយក្រែន​គឺ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​បដិសេធ។ ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ត្រាំ និង​លោក ពូទីន មិន​ទទួល​បាន​លទ្ធផល​អំពី​បញ្ហា​អ៊ុយក្រែន ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​ថា នឹង​មាន​កិច្ច​ប្រជុំ​ឆាប់ៗ​នេះ​អំពី​បញ្ហា​នៅ​តំបន់​មជ្ឈិមបូព៌ា។

បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ ប្រធានាធិបតី​អ៊ុយក្រែនVolodymyr Zelensky និយាយ​ថា អ៊ុយក្រែន​ក៏​សុខចិត្ត​ទទួល​យក​បទ​ឈប់​បាញ់​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ប៉ុន្តែ​លោក​ចង់​ឃើញ​សេចក្ដី​លម្អិត​អំពី​កិច្ច​ព្រមព្រៀង​នេះ​សិន។

លោក​ក៏​បាន​ចោទ​ភាគី​រុស្ស៊ី​ថា មិន​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀង​រយៈ​ពេល​មួយ​ខែ បន្ទាប់​ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន​ទៅ​លើ​អ៊ុយក្រែន ដោយ​មាន​ទាំង​ទៅ​លើ​មន្ទីរពេទ្យ និង​កន្លែង​ផ្គត់​ផ្គង់​ថាមពល មួយ​ចំនួន​ទៀត។

លោក Zelensky បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ X ថា៖ «ជា​អកុសល​ មាន​ការ​វាយ​ប្រហារ​ ជា​ពិសេស​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។ លោក ពូទីន ពិត​ជា​បាន​ច្រាន​ចោល​​ទាំង​ស្រុង​ទៅ​លើ​សំណើ​ឈប់​បាញ់​ពេញ​លេញ»៕