
ពលរដ្ឋប៉ាគីស្ថានអបអរសាទរនៅពេលមានការប្រកាសពីបទឈប់បាញ់គ្នាកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា។ AFP
ការផ្អាកបាញ់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្តរហូតដល់ថ្ងៃអាទិត្យបន្ទាប់ពីភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមតាំងពីដំបូង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងជួយរកដំណោះស្រាយនៅតំបន់ជម្លោះ Kashmir។
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថានដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍បានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបួនថ្ងៃរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ។ នៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ពួកគេបានបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនៅទីតាំងយោធារបស់ពួកកគេទៅវិញទៅមក ដោយបានសម្លាប់មនុស្សជិត ៧០ នាក់។
ការទូត និងសម្ពាធពីសហរដ្ឋអាមេរិកបានជួយធានាឲ្យមានកិច្ចព្រមព្រៀងផ្អាកការបាញ់គ្នា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចូលជាធរមាន ការបាញ់កាំភ្លើងធំត្រូវបានគេឃើញនៅក្នុងតំបន់កាស្មៀរឥណ្ឌា ដែលជាកន្លែងចាប់ផ្តើមនៃការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុន។
អាជ្ញាធរមូលដ្ឋាន អ្នកស្រុក និងសាក្សី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា ការបំផ្ទុះពីប្រព័ន្ធការពារអាកាសបានផ្ទុះឡើងនៅក្នុងទីក្រុងក្បែរព្រំដែន។
កាលពីយប់ថ្ងៃសៅរ៍ ប្រទេសឥណ្ឌាបានប្រកាសថា ប៉ាគីស្ថានបានរំលោភបំពានកិច្ចព្រមព្រៀង បទឈប់បាញ់ ខណៈដែលប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះ ហើយបានចោទប្រកាន់ឥណ្ឌាចំពោះការរំលោភបំពាននេះ។
សាក្សីបានឱ្យដឹងថា ការប្រយុទ្ធគ្នា និងការបំផ្ទុះដែលធ្វើឱ្យបាត់បង់ជីវិតបានកើតឡើងនៅព្រឹកព្រលឹម ហើយបណ្តាញអគ្គិសនីចាប់ផ្តើមមានឡើងវិញនៅក្នុងតំបន់ព្រំដែនភាគច្រើនក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានការដាច់ភ្លើងពេញមួយយប់កាលពីយប់ថ្ងៃសៅរ៍។
កងទ័ពឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា មេដឹកនាំយោធាបានផ្តល់សិទ្ធិអំណាចពេញលេញដល់មេបញ្ជាការកងទ័ពសម្រាប់ការប្រឆាំងចំពោះការរំលោភបំពានណាមួយកើតឡើងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។
លោក ត្រាំ បានសរសើរមេដឹកនាំនៃប្រទេសទាំងពីរចំពោះការយល់ព្រមលើបទឈប់បាញ់ហើយបាននិយាយថាលោកនឹងបង្កើនពាណិជ្ជកម្មយ៉ាងច្រើនជាមួយពួកគេ។
លោក ត្រាំ បានបន្ថែមនៅក្នុងការប្រកាសមួយនៅលើវេទិកាសង្គម Truth Social របស់គាត់ថា៖ «ខ្ញុំនឹងធ្វើការជាមួយប្រទេសទាំងពីរ ដើម្បីមើលថាតើអាចរកដំណោះអ្វីមួយសម្រាប់ដោះស្រាយបញ្ហានៅតំបន់កាស្មៀរដែរ ឬទេ?»។
ក្រសួងការបរទេសប៉ាគីស្ថានបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ហើយបានបន្ថែមថា៖ «ការដោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងនៃជម្លោះនៅតំបន់ Jammu និង Kashmir ត្រូវតែធានាដល់ការសម្រេចបាននូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន Kashmiri រួមទាំងសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ពួកគេ»។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានបង្ហោះនៅលើវេទិកា X ថា លោកដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដូណាល់ ត្រាំ សម្រាប់ការផ្តល់ជូនដ៏មានតម្លៃបំផុតរបស់លោក ក្នុងការដើរតួនាទីដឹកនាំមកនូវសន្តិភាពយូរអង្វែងដល់អាស៊ីខាងត្បូង៕