ចំណាប់ខ្មាំងជនជាតិអាមេរិកាំង​ដើមកំណើតអ៊ីស្រាអែល Edan Alexander បានជួបជុំគ្រួសាររបស់គាត់ឡើងវិញក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅហ្គាហ្សាអស់រយៈពេល ១៩ ខែ។

បុរសអាយុ ២១ ឆ្នាំរូបនេះបានបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែលនៅតាមព្រំដែននៃតំបន់ Gaza មុនពេលដែលលោក​ត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាសនៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ។

កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សារយៈពេលពីរ ទៅ បីម៉ោង ដើម្បីសម្រួលដល់ការផ្ទេរចំណាប់ខ្មាំង។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ BBC ថា ដោះ​លែង​នេះគឺ​ជាកាយវិការសុច្ឆន្ទៈ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មី មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា។

លោក Alexander ត្រូវ​បាន​គេ​គិត​ថា​ជា​ពលរដ្ឋ​អាមេរិក​ចុង​ក្រោយ​ដែល​ក្រុម​ហាម៉ាស​ឃុំ​ខ្លួន​ដែល​នៅ​មាន​ជីវិត។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្តែងការអបអរសាទរដល់គ្រួសាររបស់លោក​ចំពោះការដោះលែងនេះ។

រូបភាពទូរទស្សន៍បង្ហាញ​ពី​ Edan Alexander ញញឹមនៅពេលគាត់ឱបឪពុកម្តាយនិងបងប្អូនរបស់គាត់នៅឯមូលដ្ឋានយោធាអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមគ្រួសាររបស់ Edan Alexander បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនោះដែរក៏បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បន្តធ្វើការចរចាដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសល់ ៥៨នាក់ទៀត។

លោក Alexander គឺជាចំណាប់ខ្មាំងដំបូងគេដែលត្រូវបានដោះលែងដោយក្រុមហាម៉ាសចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកយោធារបស់ខ្លួនឡើងវិញនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែត្រូវបានបញ្ចប់។

កាល​ពី​ថ្ងៃ​ចន្ទ លោក​​ត្រូវ​បាន​គេ​ឃើញ​ពាក់​ម៉ាស់​ជាមួយ​ក្រុម​យុទ្ធជន​ហាម៉ាស ខណៈ​ពួកគេ​បាន​ប្រគល់​គាត់​ទៅ​ឲ្យ​បុគ្គលិក​កាកបាទ​ក្រហម​នៅ​ទីក្រុង Khan Younis ភាគ​ខាង​ត្បូង​នៃ​តំបន់ Gaza។

បន្ទាប់មក លោក​ត្រូវបានផ្ទេរទៅអាជ្ញាធរអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា មុនពេលត្រូវបានជួបជុំជាមួយគ្រួសាររបស់គាត់នៅភាគខាងត្បូងអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានផ្តល់ច្រករបៀងសុវត្ថិភាពសម្រាប់ការដោះលែងលោក Alexander។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានហៅការវិលត្រឡប់របស់លោក Alexander ថា «ជាពេលវេលាដ៏រំជើបរំជួល» ហើយបានថ្លែងអំណរគុណដល់លោក ដូណាល់ ត្រាំ សម្រាប់ការគាំទ្ររបស់លោក។

លោក Netanyahu បាន​និយាយ​ថា ការ​ដោះលែង​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​សម្ពាធ​យោធា​លើ​ក្រុម​ហាម៉ាស់ និង​សម្ពាធ​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រធានាធិបតីអាមេរិកលោក។

លោក​ Netanyahu បាន​បន្ថែម​ថា អ៊ីស្រាអែល​មាន​បំណង​បន្ត​ផែនការ​ពង្រឹង​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​តំបន់ហ្គាហ្សា ហើយ​នឹង​មិន​មាន​បទ​ឈប់​បាញ់​ឡើយ។

ក្រុមហាម៉ាសបាននិយាយថា ការដោះលែងលោក Alexander គឺមានបំណងជួយសម្រួលដល់កិច្ចព្រមព្រៀងមួយសម្រាប់ការបញ្ចូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នោះ។

គួរឲ្យ​ដឹងផងដែរថា អ៊ីស្រាអែលបានបិទច្រកដឹកជញ្ចូនស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សារយៈពេល ៧០ថ្ងៃ ដែលទីភ្នាក់ងារផ្តល់ជំនួយនិយាយថា វាជាគោលនយោបាយធ្វើ​ឲ្យ​មាន​ភាព​អត់ឃ្លាន និងជាឧក្រិដ្ឋកម្មសង្គ្រាម ហើយអ៊ីស្រាអែលបានធ្វើការបន្តទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការយោធាផ្សេងទៀតនៅទីនោះតាំងពីពាក់កណ្តាលខែមីនា៕