ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ត្រៀមខ្លួនទទួលយកយន្តហោះដ៏ប្រណីត Boeing 747-8 តម្លៃ​ ៤០០លានដុល្លារ ​ជាអំណោយពីគ្រួសារគ្រប់គ្រងប្រទេសកាតាក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា យន្តហោះនេះអាចត្រូវបានប្តូរទៅជាយន្តហោះប្រធានាធិបតី​ក្នុង​អាណត្តិ​លោក ត្រាំ។

រដ្ឋាភិបាលកាតាបាននិយាយថា ការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ ទោះជាយ៉ាងណា លោក ត្រាំ បានការពារគំនិតនេះ​ដែល​មាន​ន័យ​ថា លោក​នឹង​ទទួលយកអំណោយដ៏មានតម្លៃខ្ពស់ពីរដ្ឋាភិបាលបរទេស។

លោក ត្រាំ ថ្លែង​ថា ការ​ទទួលយកយន្តហោះនេះ​មក​ជំនួស Air Force One ដោយឥតគិតថ្លៃពីប្រទេសកាតាគឺ «គ្មានអ្វីត្រូវគិត​​ច្រើន​នោះ​ទេ»។​

លោក​បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា៖ «ខ្ញុំមិនដែលជាមនុស្សដែលបដិសេធការផ្តល់អំណោយ​​បែបនេះទេ។ ខ្ញុំអាចជាមនុស្សល្ងង់ បើ​ខ្ញុំ​និយាយ​ថា​​ទេ ​យើងមិនចង់បានយន្តហោះដ៏ថ្លៃ​ដោយ​ឥតគិតថ្លៃនេះ»។

លោក ត្រាំ និយាយថា លោកនឹងមិនហោះហើរជាមួយយន្តហោះ Boeing 747 ដែលជាអំណោយនេះនៅពេលអាណត្តិរបស់លោកដល់​ទី​បញ្ចប់នោះទេ។ ផ្ទុយទៅវិញ យន្ត​ហោះ​នេះនឹងត្រូវបរិច្ចាគទៅឱ្យបណ្ណាល័យប្រធានាធិបតីនាពេលអនាគ​ត គឺស្រដៀងនឹងយន្តហោះ Boeing 707 ដែលប្រើដោយប្រធានាធិបតី Ronald Reagan ដែល​ត្រូវបានបញ្ឈប់​ដំណើរ​ការ​ និងដាក់តាំងបង្ហាញនៅ​សារមន្ទីរ។

អ្នករិះគន់ផែនការ​ទទួល​អំណោយ​នេះបារម្ភថា ការ​ទទួល​យក​យន្ត​ហោះ​នេះ​​អាច​ប៉ះពាល់​ដល់​និមិត្តសញ្ញានៃ​អំណាចរបស់​អាមេរិកជាសកល ពាក់​ព័ន្ធ​នឹង​បញ្ហាសីលធម៌ ច្បាប់ សន្តិសុខ និងការព្រួយបារម្ភផ្នែកស៊ើបការណ៍​ផង​ដែរ។

លោក ត្រាំ ចង់​យក​យន្ត​ហោះ​នេះ​ម​កប្រើ​ប្រាស់​ជំនួស​យន្តហោះ​ប្រធានាធិបតី Air Force One ដែល​បាន​ដាក់​ប្រតិបត្តិការ​ ៤០​ឆ្នាំ​មក​ហើយ៕