អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រ៉ូឌ្រីហ្គោ ឌុយទែរតេ) ដែលត្រូវបានឃុំខ្លួននៅទីក្រុងឡាអេ ប្រទេស​ហូឡង់​ ពាក់​ព័ន្ធ​នឹង​សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ បានជាប់ឆ្នោតជាអភិបាលក្រុង Davao ​ដែល​ជា​មូលដ្ឋានដ៏​រឹង​មាំ​នៃ​គ្រួសាររបស់លោក។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាង ៦០ភាគរយ​ ដែលបានរាប់រួចបង្ហាញ​ថា​ លោក Duterte អាយុ ៨០ ឆ្នាំ ទទួលបានការនាំមុខគេដែលមិនអាចជំនួសបានជាមួយនឹងសំឡេងគាំទ្រ ៤០៥,០០០ សំឡេង ដែលនាំមុខឆ្ងាយ​ពី​គូប្រជែងដ៏​ខ្លាំង​ដែលទទួលបានត្រឹម ៤៩,០០០ សំឡេង​ប៉ុណ្ណោះ។ នេះ​បើ​យោងតាមលទ្ធផលមិនទាន់​ផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោតដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក Duterte ត្រូវបានចាប់ខ្លួននិងបញ្ជូន​តាម​យន្ត​ហោះ​ទៅទីក្រុងឡាអេ​ កាលពីខែមីនា ពាក់​ព័ន្ធ​នឹង​សង្គ្រាមប្រឆាំងគ្រឿងញៀន​ ដែល​ត្រូវ​បាន​រាយការណ៍​ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាយុវជននៅតំបន់ទីក្រុងក្រីក្រដែលត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវ។

ទោះបីជាមានការខឹងសម្បា​ជាអន្តរជាតិចំពោះការសម្លាប់ទាំងនេះក៏​ដោយ​ លោក Duterte ដែលមាន​បុគ្គលិកលក្ខណៈនិយាយរឹងមាំនិងជាមនុស្សសាមញ្ញ នៅតែរក្សាបានប្រជាប្រិយភាពពេញមួយអាណត្តិប្រធានាធិបតីរបស់លោក។

ការចាប់ខ្លួនលោក​បានជំរុញឱ្យមានការប្រឆាំងនិងការអាណិតអាសូរក្នុងចំណោមអ្នកគាំទ្រនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃចន្ទ ដែលបានធ្វើឡើងទន្ទឹមនឹងជម្លោះអំណាចដ៏ជូរចត់រវាងត្រកូល Duterte និងគូប្រជែងរបស់ពួកគេ គឺគ្រួសាររបស់ប្រធានាធិបតី ហ្វឺលីពីន Ferdinand Marcos Jr។

នៅថ្ងៃខួបកំណើតអាយុ ៨០ ឆ្នាំរបស់លោក Duterte កាលពីខែមីនា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Davao ដោយបំភ្លឺទៀននិងច្រៀងចម្រៀង។ យុទ្ធនាការរបស់អ្នកគាំទ្រ​មាន​ទាំង​ការអំពាវនាវឱ្យនាំលោកត្រឡប់មកហ្វីលីពីនវិញ។

យ៉ាង​ណា​ក៏​ដោយ មិនទាន់ច្បាស់ទេថាតើ​ លោក Duterte នឹងធ្វើសច្ចាប្រណិធានដើម្បីចូលកាន់តំណែងជាអភិបាលក្រុង​នេះ​ដោយរបៀបណា។ កូនស្រីរបស់លោក គឺ​អ្នកស្រី Sara Duterte ដែល​ជា​អនុប្រធានាធិបតីនិង​កំពុង​រង​ការ​ចោទ​ប្រកាន់​លើ​បទ​ល្មើស​ផ្សេង​នោះ​ បាននិយាយថា រឿងនេះកំពុងត្រូវបានពិភាក្សាដោយ រវាង​​មេធាវី​នៅ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​​និង​មេធាវីហ្វីលីពីន។

ដោយសារអតីតប្រធានាធិបតីកំពុងជាប់ឃុំនៅប្រទេសហូឡង់ គេរំពឹងថា ភារកិច្ច​ជា​អភិបាល​ក្រុង​នេះ​អាចនឹងត្រូវបានទទួលខុសត្រូវដោយ​អភិបាលក្រុងរង៕ ប្រភព៖ BBC, The Guardian