ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោក​បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ថាលោក​មិនចង់ឱ្យក្រុមហ៊ុនផលិត​ទូរស័ព្ទ​ iPhone ពង្រីក ផលិតកម្ម​របស់​ខ្លួន​នៅប្រទេសឥណ្ឌាទេ និង​ស្នើឱ្យ Apple បង្កើនការផលិតនៅសហរដ្ឋអាមេរិកជំនួសវិញ។

ការ​លើក​ឡើង​របស់​លោក​ ត្រាំ​ ធ្វើ​ឡើង​​បន្ទាប់ពីមានរបាយការណ៍ថា​ក្រុមហ៊ុន​ Apple កំពុងសម្លឹងមើល​ការ​រើ​រោងចក្រ​ផលិត​ទូរស័ព្ទ​ iPhone របស់​សហរដ្ឋអាមេរិកពីប្រទេសចិនទៅឥណ្ឌា ដើម្បីគេច​ពី​ពន្ធនាំចូលខ្ពស់របស់សហរដ្ឋអាមេរិក។

ថ្លែងក្នុងព្រឹត្តិការណ៍ជំនួញមួយនៅប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោក​បានជជែកជាមួយលោក Cook ហើយបានប្រាប់គាត់ថា៖ «មិត្តភ័ក្តិ! ខ្ញុំបាន​ធ្វើ​ល្អ​ណាស់​ចំពោះអ្នក … ប៉ុន្តែឥឡូវខ្ញុំឮថាអ្នកកំពុងសាងសង់រោងចក្រនៅទូទាំងប្រទេសឥណ្ឌា… ខ្ញុំមិនចង់ឱ្យអ្នកសាងសង់នៅឥណ្ឌាទេ»។

លោក ត្រាំ ទទួលស្គាល់ថា Apple មានផែនការវិនិយោគ ៥០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ប៉ុន្តែ លោក​នៅ​តែ​មិន​ចង់​ឲ្យក្រុមហ៊ុន​នេះ​ពង្រីក​នៅ​ឥណ្ឌា​នោះ​ទេ។​

លោក ​ត្រាំ អះអាង​ថា​ ឥណ្ឌាបានយល់​ព្រម​កិច្ចព្រមព្រៀងមួយ​ដែល​មិនយក​ពន្ធ​ពី​សហរដ្ឋ​អាមេរិក​ទាល់តែសោះ។ អាមេរិក​បាន​អត់​ទ្រាំ​ជាមួយនឹង​រោងចក្រទាំងអស់ដែល Apple បានសាងសង់នៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ ការ​អះអាង​របស់​លោក​ ត្រាំ ដែល​​ថា ឥណ្ឌា​មិន​យក​ពន្ធ​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​បដិសេធ។

បន្ទាប់ពីការសន្ទនា​នៅក្នុង​ព្រឹត្តិការណ៍​ជំនួញ​​នេះ លោក ត្រាំ បានអះអាងថា លោក Cook បានប្រាប់គាត់ថា Apple នឹង «បង្កើនការផលិតរបស់ពួកគេនៅសហរដ្ឋអាមេរិក»។

ក្នុង​ករណី​ដែល Apple នឹង​ផលិត​​ទូរស័ព្ទ​ Iphone នៅ​សហរដ្ឋ​អាមេរិក​មែន​នោះ អ្នក​ជំនាញ​ព្យាករណ៍​ថា តម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន Apple នឹង​ឡើង​ថ្លៃខ្លាំង។ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះមកនៅត្រឹម ២១០ ដុល្លារក្នុងការជួញដូរមុនបើកទីផ្សារនៅព្រឹកថ្ងៃព្រហស្បតិ៍ គឺ​ធ្លាក់ចុះ ១% បើធៀបនឹងតម្លៃបិទនៅថ្ងៃមុន៕