តុលាការថៃបានចេញដីកាចាប់ខ្លួន​មនុស្ស​ចំនួន ១៧ ដែលជាប់ពាក់ព័ន្ធនឹងការសាងសង់អគារខ្ពស់មួយដែលបានដួលរលំក្នុងអំឡុងពេលកើតមានការរញ្ជួយដីកាលពីខែមីនា។

អគារកម្ពស់ ៣០ ជាន់ដែលកំពុងសាងសង់ដើម្បីធ្វើជាទីស្នាក់ការរដ្ឋបាលសវនកម្មរបស់រដ្ឋ បានដួលរលំនៅពេលដែលទីក្រុងបាងកកបានទទួលរងនូវឥទ្ធិពល​គ្រោះ​រញ្ជួយដីដែលមានកម្រិត ៧.៧ រ៉ិចទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដែល​នៅ​ជិតខាង។

យ៉ាង​ណា​ក៏​ដោយ ដីកាចាប់ខ្លួនបញ្ចេញ​ឈ្មោះ​តែ​បុគ្គល​ម្នាក់​​ដែលជាប់ពាក់ព័ន្ធក្នុងការរចនា ការសាងសង់ និងការត្រួតពិនិត្យការសាងសង់អគារនេះ។ បុគ្គល​នោះ​គឺ​លោក Premchai Karnasuta ដែលជាអ្នកជំនួញនិងជាអតីតប្រធានក្រុមហ៊ុន Italian-Thai Development PLC. ដែលជាក្រុមហ៊ុនសំណង់ធំជាងគេមួយនៅប្រទេសថៃ។

សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស៊ើបអង្កេតបានរកឃើញចំណុចខ្វះខាត​នៃ​រចនាសម្ព័ន្ធនៅក្នុងបំពង់ជណ្តើរយន្តនៃអគារនេះ ប៉ុន្តែ​អាជ្ញាធរថៃនៅមិនទាន់បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេតលើមូលហេតុទាំង​ស្រុង​នៅ​ឡើយ។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា ការដួលរលំនៃអគារកម្ពស់ ៣០ ជាន់​នេះ​បានបណ្តាលឱ្យមនុស្ស ៩២ នាក់ស្លាប់, ៩ នាក់រងរបួស និង ៤ នាក់បាត់ខ្លួន។

យោង​តាម​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ពលរដ្ឋ​កម្ពុជា​ចំនួន ៤​នាក់​ក៏​បាន​បាត់​បង់​ជីវិត​ពី​ការ​បាក់​រលំអាគារ​នេះ​ដែរ និង​២​នាក់​រង​របួស៕