
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar។ AFP
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី១៩ ខែឧសភា នេះ ដើម្បីពិភាក្សាអំពីស្ថានភាពតំបន់ដែលកំពុងវិវត្ត។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏តានតឹងជុំវិញការវាយប្រហារនៅតំបន់ Pahalgam ដែលឥណ្ឌាបានស្តីបន្ទោសលើប៉ាគីស្ថាន។
នៅថ្ងៃទី ៦-៧ ខែឧសភា ការវាយប្រហារតាមអាកាសរបស់ឥណ្ឌានៅរដ្ឋ Punjab និង Azad Kashmir បានសម្លាប់ជនស៊ីវិលជាច្រើននាក់។ ក្នុងនោះដែរក៏មានការអន្តរាគមន៍ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភា ដែលនាំឱ្យមានបទឈប់បាញ់។ ទោះជាយ៉ាងណាឥណ្ឌានៅតែរក្សាជំហរឆេវឆាវ ខណៈដែលប៉ាគីស្ថានបានព្រមានពីការប្រឆាំងបើសិននៅតែមានការវាយប្រហារកើនឡើងបន្ថែមទៀត។
ប្រទេសចិនក៏បានបញ្ជាក់អំពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសប៉ាគីស្ថាន ចំពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌា បន្ទាប់ពីមានការជួបប្រជុំជាមួយប្រធានាធិបតី Asif Ali Zardari កាលពីថ្ងៃទី ៥ ខែឧសភា។
យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃ ទី១៩ ខែឧសភា នេះតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិនដើម្បីធ្វើការពិភាក្សាអោយស៊ីជម្រៅនៅទីនោះ។
ការិយាល័យការបរទេសបានថ្លែងថា៖ «រដ្ឋមន្ត្រីការបរទេសទាំងពីរនឹងពិភាក្សាអំពីស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្ត និងផលប៉ះពាល់របស់វាចំពោះសន្តិភាព និងស្ថិរភាព»។
ភាគីទាំងពីរក៏នឹងពិនិត្យមើលឡើងវិញស្តីពីទំនាក់ទំនងទ្វេភាគីរបស់ប៉ាគីស្ថាន-ចិនទាំងមូល និងប្តេជ្ញាផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក។
ប្រទេសប៉ាគីស្ថានបានរក្សាទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំជាមួយប្រទេសចិន តាមរយៈការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលត្រូវបានគេហៅថាជា «lifeline» «ខ្សែជីវិត» សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។
នៅក្នុងខែមីនា ប្រទេសចិនបានបន្តពន្យារយៈពេលឲ្យប៉ាគីស្ថានក្នុងការសងប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំ ព្រមទាំងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជួយធានាស្ថិរភាពទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះ៕