អ៊ុយក្រែន និង​សហរដ្ឋ​អាមេរិក​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រ៉ែ​នៅ​ប្រទេស​អ៊ុយក្រែន ជា​អ្វី​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​ថ្លែង​ថា​ជា «ដៃគូ​ស្មើភាព​គ្នា» ទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​បញ្ចូល​ពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន។

ប្រធាន​ធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម X ថា កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ត្រូវ​ដាក់​ទៅ​សភា​អ៊ុយក្រែន​ដើម្បី​អនុម័ត។

លោក​ Zelensky ថ្លែង​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​មាន​ការ​ប្រែប្រួល​ច្រើន​នៅ​ក្នុង​ដំណាក់​កាល​រៀប​ចំ។ ឥឡូវ​នេះ វា​គឺជា​ភាព​ជាដៃគូ​ស្មើ​ភាព​គ្នា​ពិត​ប្រាកដ ដែល​បង្កើត​ឱកាស​សម្រាប់​ការ​វិនិយោគ​ច្រើន​គួរ​សម​នៅ​អ៊ុយក្រែន និង​ជា​ការ​ធ្វើ​ទំនើបកម្ម​ក្នុង​កម្រិត​បង្គួរ​ទៅ​សម្រាប់​ឧស្សាហកម្ម​របស់​អ៊ុយក្រែន ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​វា​បង្កើត​បាន​ជា​ការ​អនុវត្ត​ផ្នែក​ច្បាប់»។

លោក​បន្ត​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​ដាក់​បញ្ចូល​រឿង​​បំណុល​នោះ​ទេ ប៉ុន្តែ ផ្ដល់​ផល​ប្រយោជន៍​ដល់​អ៊ុយក្រែន​ និង​ផ្ដល់​ផល​ប្រយោជន៍​ដល់​អាមេរិក​ដូច​គ្នា។ លោក​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​បុរី​វ៉ាទិកង់ កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​នេះ​ជា​លទ្ធផល​ជាក់​ស្ដែង​ចេញ​ពី​កិច្ច​ពិភាក្សា​នោះ។​

យ៉ាង​ណា​ក៏​ដោយ កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​ឃើញ​ដោយ​សារព័ត៌មាន​ មិន​បាន​បង្ហាញ​ពី​ការ​ធានា​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ សារព័ត៌មាន​ CNN លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​នេះ​ហាក់​ដូចជា​កិច្ច​ព្រម​ព្រៀង​ «និមិត្តរូប» ដែល​នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​មុន។​

លោក​ស្រី Yulia Svyrydenko ឧបនាយក​រដ្ឋមន្ត្រី​ទី១ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អ៊ុយក្រែន​ថ្លែង​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ សហរដ្ឋ​អាមេរិក​អាច​នឹង​ផ្ដល់​ជំនួយ​ថ្មី​សម្រាប់​អ៊ុយក្រែន ដូចជា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ជា​ដើម បន្ថែម​ទៅ​លើ​ការ​រួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់៕