រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ឥណ្ឌា Vikram Misri បានប្រាប់​ អង្គ​សភាកាលពីថ្ងៃចន្ទថា សហរដ្ឋ​អាមេរិក​គ្មាន​តួនាទី​អ្វី​​លើបទ​ឈប់​បាញ់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ទេ ហើយសំណើបទឈប់បាញ់គឺបានមកពីការ​អង្វរ​​ចេញ​ពី​អគ្គនាយក​ប្រតិបត្តិការ​យោធា​ប៉ាគីស្ថាន​ទៅ​សមភាគី​ឥណ្ឌា។

លោក Vikram បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការអចិន្ត្រៃយ៍សភាទទួលបន្ទុកកិច្ចការបរទេស ដែលដឹកនាំដោយលោក Shashi Tharoor ​សមាជិកសភាជាន់​ទាប Lok Sabha ដើម្បីផ្តល់ការសង្ខេបយ៉ាង​អំពីប្រតិបត្តិការ​ Sindoor និងភាពតានតឹងថ្មីៗរវាងឥណ្ឌា និងប៉ាគីស្ថាន។

លោកបានបញ្ជាក់ថា ប៉ាគីស្ថានបានស្នើសុំឲ្យឥណ្ឌាបញ្ឈប់ការប្រយុទ្ធ បន្ទាប់ពីកងកម្លាំងយោធាឥណ្ឌាបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើគោលដៅយោធារបស់ប៉ាគីស្ថាន ដែលរួមមានប្រព័ន្ធការពារកាំជ្រួចដែលផលិតដោយចិននៅ Lahore និងមូលដ្ឋានទ័ពអាកាស Nur Khan ដ៏សំខាន់។

ការបំភ្លឺរបស់រដ្ឋលេខាធិការ​​ការបរទេសដែលថា អាមេរិកគ្មានតួនាទីលើបទ​ឈប់​បាញ់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន ធ្វើ​ឡើង​បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអួតអាងថាអាមេរិកគឺជាអ្នកជំរុញឲ្យមានការឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន។

ថ្លែងនៅក្នុងវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធសប្តាហ៍មុន លោក ត្រាំ បានអះអាងថា លោកបានបញ្ចុះបញ្ចូលទាំងឥណ្ឌា និងប៉ាគីស្ថានឱ្យធ្វើពាណិជ្ជកម្មទំនិញ មិនមែនមីស៊ីលនុយក្លេអ៊ែរទេ។

លោក ត្រាំ ថា លោក​បាន​​ផ្តល់កិត្តិយសដល់ការទូតពាណិជ្ជកម្មដែលជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ការបន្ធូរបន្ថយភាពតានតឹង។ លោក​ក៏បានសរសើរមេដឹកនាំនៃប្រទេសទាំងពីរថាជាមនុស្សឆ្លាតវៃ និងមានសមត្ថភាពខ្លាំងផងដែរ។

សភាឥណ្ឌា​បានចោទជាសំណួរ​ទៅ​លោក Vikram ថា «តើនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស មានអ្វីនិយាយអំពីការបង្ហើបនេះដែរឬទេ? តើពួកគេបាន​ដាក់​បញ្ចាំផលប្រយោជន៍សន្តិសុខរបស់ឥណ្ឌា ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិកដែរឬទេ?»​

ក្រសួងការបរទេសបានបដិសេធ​​លើ​ការ​លើក​ឡើង​អំពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​​របស់​អាមេរិក ហើយ​អះអាង​ថា អាមេរិក​គ្មាន​តួនាទី​លើបទ​ឈប់​បាញ់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​​នោះ​ទេ៕ ANN/ The Statesman