អាជ្ញាធរ​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ បាន​ចាប់ខ្លួន​ម្ចាស់ក្សត្រី​សម្រស់ និង​ជា​មនុស្ស​មាន​ភាព​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម ​ពី​បទ​ក្លែង​បន្លំ​អ្នក​ប្រើ​ប្រាស់ ​បន្ទាប់​ពី​នាង​បាន​ផ្សព្វផ្សាយ​លក់​អាហារ​បំប៉ន​ហ្វាយប័រ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ក្លែងក្លាយ។

អ្នក​ស្រី Nguyen Thuc Thuy Tien​ បាន​ផ្សព្វផ្សាយ​លក់​ស្ករ​គ្រាប់​ដែល​អះអាង​ថា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ហ្វាយប័រ​នៅ​លើ​បណ្ដាញ​សង្គម​ ប៉ុន្តែ​សាធារណជន​បាន​ផ្ទុះ​ការ​តវ៉ា​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ផលិតផល​របស់​នាង​ដែល​មាន​ម៉ាក Kera Supergreens Gummies ​បង្ហាញ​ថា ​ផលិត​ផល​ទាំង​នោះ​ក្លែងក្លាយ។

Nguyen Thuc Thuy Tien​ គឺ​ជា​អតីត​ម្ចាស់​ជ័យលាភី​នៃ​កម្មវិធី​ប្រកួត​សម្រស់ ​Miss Grand International នៅ​ឆ្នាំ ២០២១ និង​ជា​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​នៅ​វៀតណាម និង​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​រដ្ឋាភិបាល​ទៀត​ផង។​

ការ​លក់​ផលិតផល ​​Kera Supergreens Gummies ក្លែង​ក្លាយ​នេះ មិន​មែន​អ្នកស្រី​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​​អ្នក​ស្រី​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​លក់​ រួម​ជាមួយ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ ២​នាក់​ទៀត​គឺ​ឈ្មោះ ​Pham Quang Linh និង​ឈ្មោះ​ Hang Du Muc ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​តែ​ម្ដង។​

អ្នក​ទាំង​នេះ​ធ្លាប់​បាន​អះអាង​ថា ផលិតផល​ស្ករគ្រាប់​នីមួយៗ​របស់​ពួក​គេ​មាន​ជាតិ​សរសៃ​ស្មើ​នឹង​បន្លែ​មួយ​ចាន ឬ ​មាន​កម្រិត​ជាតិ​សរសៃ​ ២០០​មីលីក្រាម។ ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​រក​ឃើញ​ថា ​ស្ករ​គ្រាប់​នីមួយៗ​មាន​សរសៃ​ត្រឹម​ ១៦ មីលីក្រាម​ប៉ុណ្ណោះ គឺ​ឆ្ងាយ​ពី​កម្រិត​ ២០០ មីលីក្រាម​ដែល​ពួក​គេ​បាន​អះអាង។

បន្ទាប់​មក អាជ្ញាធរ​បាន​បើក​ការស៊ើបអង្កេត ហើយ​រក​ឃើញ​ថា​ គ្រឿង​ផ្សំ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ផលិត​ស្ករ​គ្រាប់​នោះ​មាន​ជាតិ​សរសៃ​ទាប។ លើស​ពី​នេះ​ទៀត កញ្ចប់​ផលិតផល​ក៏​មិន​បាន​បញ្ជាក់​ពី​បរិមាណ​សរសៃ​នេះ​ដែរ។ លើស​ពី​នេះ​ទៀត ផលិតផល​ទាំង​នោះ​ថែម​ទាំង​មាន​ប្រើ​សារធាតុ ​sorbitol ​កម្រិត​ខ្ពស់​ដែល​ជាទូទៅ​ប្រើ​ក្នុង​ថ្នាំ​បញ្ចុះ​លាមក។

អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ទាំង​ ៣​នាក់​នេះ​ត្រូវ​បាន​ផាក​ពិន័យ​នៅ​ក្នុង​ខែ​មីនា ម្ដង​ហើយ ហើយ​ពួក​គេ​បាន​សុំទោស​ជា​សាធារណៈ។ នៅ​ខែ​មេសា​ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​លោក Pham និង​លោកស្រី Hang Du Muc ព្រម​ទាំង​បុគ្គលិក​ក្រុមហ៊ុន​របស់​ពួក​គេ និង​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផលិត​ផលិតផល​ក្លែង​ក្លាយ និង​បោក​ប្រាស់​អ្នក​ប្រើ​ប្រាស់៕