ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី​រយៈ​ពេល ២ ម៉ោង និង​បាន​និយាយ​ជា​មួយ​មេដឹកនាំ​អ៊ុយក្រែន និង​អឺរ៉ុប ដើម្បី​រក​ផ្លូវ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ហាក់​គ្មាន​លទ្ធផល​ជាក់ស្ដែង ក្រៅ​ពី​ថា «ការ​ចរចា​ពី​បទ​ឈប់​បាញ់​គ្នា​នឹង​មាន​ឆាប់ៗ​នេះ»។

លោក​សរសេរ​នៅ​លើ​ទំព័រ Truth Social របស់​លោក​ថា៖ «រុស្ស៊ី និង​អ៊ុយក្រែន​នឹង​ចាប់​ផ្តើម​ការ​ចរចា​ភ្លាមៗ​ឆ្ពោះ​ទៅ​រក​ការ​ឈប់​បាញ់ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​បញ្ចប់​សង្គ្រាម»។​ លោក​ថា លោក​បាន​ជូន​ដំណឹង​នេះ​ទៅ​លោក ​Zelensky (ហ្សេឡែនស្គី) អំពី​រឿង​នេះ​នៅ​ក្នុង​ការហៅ​ទូរស័ព្ទ​លើក​ទី​ពីរ ដែល​មាន​មេដឹកនាំ​ពិភព​លោក​ផ្សេង​ទៀត​ផងដែរ។

លោក​បន្ត​ថា លក្ខខណ្ឌ​សម្រាប់​ការ​ចរចា​នឹង​ត្រូវ​បាន​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ  ពីព្រោះ​ពួក​គេ​ដឹង​ពី​ព័ត៌មាន​លម្អិត​នៃ​ការចរចា​ដែល​គ្មាន​នរណា​ផ្សេង​ទៀត​ដឹង​ជាង​ពួក​គេ​ទេ។​

លោក​ ហ្សេឡែនស្គី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ «វា​មាន​សារៈសំខាន់សម្រាប់យើង​ទាំងអស់គ្នា​ដែល​សហរដ្ឋអាមេរិក​មិន​ដក​ខ្លួន​ឃ្លាត​ឆ្ងាយ​ពី​ការចរចា និង​ការ​ស្វែង​រកសន្តិភាព ពីព្រោះ​អ្នក​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​រឿង​នោះ​គឺ លោក Putin»។

លោក ហ្សេឡែនស្គី ថ្លែង​ថា អ៊ុយក្រែន​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​បទ​ឈប់​បាញ់​គ្នា​ដោយ​ឥតលក្ខខណ្ឌ​នោះ​ទេ​ ហើយ​លោក​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​អឺរ៉ុប​ធ្វើ​ជា​សាក្សី​ក្នុង​កិច្ច​ចរចា​នានា​លើ​រឿង​នេះ ដើម្បី​ធានា​ពី​ភាព​ស្មោះ​ត្រង់​របស់​រុស្ស៊ី។

លោក​ថ្លែង​ថា៖ «មិនចាំបាច់ត្រូវបញ្ចុះបញ្ចូល ​អ៊ុយក្រែន ទេ។ តំណាង​របស់​យើងត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើការសម្រេច​ចិត្តជាក់ស្តែង​នៅ​ក្នុង​ការចរចា។ អ្វី​ដែល​ត្រូវការ​គឺ​ការ​ត្រៀម​ខ្លួន​ដូចគ្នា​ពីសំណាក់​ភាគី​រុស្ស៊ី​ដើម្បី​ចូលរួម​ក្នុង​ការ​ពិភាក្សា​ដែល​មាន​អត្ថន័យ»។

មេដឹកនាំ​អ៊ុយក្រែ​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​រុស្ស៊ី​បដិសេធ​ការ​ចរចា​លើ​បទ​ឈប់​បាញ់ និង​ការ​បញ្ចប់​សង្គ្រាម មេដឹកនា​អឺរ៉ុប និង សហរដ្ឋ​អាមេរិក​ ត្រូវ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​កាន់​តែ​ខ្លាំង​ដើម្បី​រុញ​ឲ្យ​លោក ពូទីន ព្រម​ចរចា​បញ្ចប់​សង្គ្រាម៕