ប៉ូលិស​ឥណ្ឌា​បាន​ចាប់​ខ្លួន​អ្នក​ធ្វើ​មាតិកា​ទេសចរណ៍​នៅ​លើ​បណ្ដាញ​ Youtube ម្នាក់​​ឈ្មោះ Jyoti Malhotra ​ដោយ​សង្ស័យ​ថា​ជា​អ្នកស៊ើបការណ៍​សម្ងាត់​សម្រាប់​ប៉ាគីស្ថាន ខណៈ​ដែល​ភាព តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​តែ​កើន​ឡើង បន្ទាប់​ពី​ជម្លោះ​​និង​ការ​បាញ់​ដាក់​គ្នា​កាល​ពី​កន្លង​ទៅ។

អ្នក​ស្រី​  Malhotra អ្នកស្រី​គឺ​ជា​អ្នក​មាន​ឥទ្ធិពល​នៅ​លើ​បណ្ដាញ​សង្គម​មក​ពី​រដ្ឋ Haryana ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​ឥណ្ឌា​ថា​បាន​ចែក​រំលែក​ព័ត៌មាន​រសើប​ជាមួយ​ប៉ាគីស្ថាន។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ។

ការ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​បែប​នេះ​តែង​កើត​ឡើង​ញឹក​ញាប់​ទាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ​ប៉ុន្តែ​ករណី​របស់​អ្នក​ស្រី​ Malhotra បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ ព្រោះ​វា​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ទាំង​ស្រុង។

ប៉ូលិស​ឥណ្ឌា​ចោទ​អ្នកស្រី​ Malhotra ថា​បាន​ទាក់​ទង​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​ប៉ាគីស្ថាន​ម្នាក់​ ដែល​បាន​រៀបចំ​នាង​ឱ្យ​ក្លាយ​ជា «ទ្រព្យសម្បត្តិ»​ សម្រាប់​ទីក្រុង​អ៊ីស្លាម៉ាបាដ ហើយ​សូម្បី​តែ​ពេល​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា ក៏​្នក​ស្រី​ Malhotra ​នៅ​តែ​បន្ត​ទាក់​ទង​ជាមួយ​ភ្នាក់ងារ​ប៉ាគីស្ថាន​នោះ​ដដែល។​

យោង​តាម​សមត្ថកិច្ច​ឥណ្ឌា Youtuber រូប​នេះ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​ ក្រោម​ការ​ឧបត្ថម្ភ​ ហើយ​នាង​បាន​ទាក់​ទង​ជាមួយ​អ្នក​មាន​ឥទ្ធិពល​នៅ​លើ YouTube ផ្សេង​ទៀត​ ដែល​ធ្លាប់​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​ប៉ាគីស្ថាន​ផង​ដែរ។

អ្នក​ស្រី Malhotra ​បាន​បង្ហោះ​វីដេអូ​ទេសចរណ៍​នៅ​លើ​ឆែណល​ YouTube​ របស់​នាង​ដែល​មាន​អ្នក​តាម​ដាន ៤០០,០០០ នាក់។ វីដេអូ​ជាច្រើន​ដែល​បាន​បង្ហោះ​ក្នុង​ខែ​មីនា​ បង្ហាញ​ពី​ការ​ធ្វើ​ដំណើរ​របស់​នាង​ទៅ​កាន់​ប៉ាគីស្ថាន ដែល​នាង​ប្រើ​ប្រាស់​ការ​ដឹក​ជញ្ជូន​សាធារណៈ ការ​ដើរ​ផ្សារ​ក្នុង​ស្រុក​ និង​ការ​ទស្សនា​ប្រាសាទ​ហិណ្ឌូ​ដ៏​ធំ​បំផុត​របស់​ប៉ាគីស្ថាន។

សារព័ត៌មាន India Today បាន​ចុះ​ផ្សាយ​ថា អ្នកស្រី Malhotra មិន​សហការ​ជាមួយ​សមត្ថកិច្ច​ឥណ្ឌា​ទេ ដោយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ប៉ូលិស៕ CNN, India Today