ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញផែនការសម្រាប់ខែលការពារកាំជ្រួច​ដែល​មាន​ឈ្មោះ​ថា​ Golden Dome កាលពីថ្ងៃអង្គារ ដោយព្យាករណ៍ថាផែនការពង្រីកប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក​នេះនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃអាណត្តិរបស់លោក។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា Golden Dome មាន​ភាព​ចាំបាច់ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាសចំពោះសហរដ្ឋអាមេរិក រួមទាំងមីស៊ីលផ្លោង និងកាំជ្រូចនាវាផ្លោង ប៉ុន្តែអ្នកជំនាញនិយាយថា វាប្រឈមមុខនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ និងច្រវ៉ាក់​ផ្គត់ផ្គង់នៃការផលិត។

គម្រោង​នេះគឺ​ជា​អាទិភាព​ដំបូងរបស់​លោក ត្រាំ ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង ដោយលោកបានសន្យាក្នុងអំឡុងពេលយុទ្ធនា​ការ​បោះ​ឆ្នោត​ថា នឹងសាងសង់ប្រព័ន្ធការពារមួយប្រឆាំងនឹងការវាយប្រហារពីបរទេស ដូចនឹងប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ដែលមានសមត្ថភាពការពារផ្លូវអាកាស ដើម្បីស្ទាក់ការវាយប្រហារដោយកាំជ្រួច​និងមីស៊ីល។

លោក ត្រាំ បាននិយាយថា គម្រោងនេះនឹងត្រូវចំណាយអស់ ១៧៥ ពាន់លានដុល្លារ តែការិយាល័យថវិកាសភាបាននិយាយថា វាទំនងជានឹងត្រូវចំណាយច្រើនជាងនេះរហូតដល់ ៥៤២ ពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិក​ បាននិយាយ​ថា Golden Dome នឹងទទួលបានមូលនិធិចំនួន ២៥ ពាន់លានដុល្លារពីវិក្កយបត្រគោលនយោបាយក្នុងស្រុករបស់លោក​ដែលមិនទាន់អនុម័តសភា ហើយថា កាណាដាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីនេះ ដែលអាចចែករំលែកក្នុងការចំណាយមួយចំនួនផងដែរ។

លោក ត្រាំ មានទំនុកចិត្តថា សហរដ្ឋអាមេរិកអាចបញ្ចប់គម្រោងនេះក្នុងរយៈពេលប្រហែល ៣ ឆ្នាំ ហើយនឹងការដំណើរការពេញលេញមុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោក។

លោក​បានលើកឡើងថា៖ «នៅពេលដែលការសាងសង់ Golden Dome រួចរាល់វានឹងមានសមត្ថភាពស្ទាក់ចាប់មីស៊ីលដែលបាញ់មកពីគ្រប់ផ្នែកនៃពិភពលោកបាន នោះយើងនឹងមានប្រព័ន្ធការពារលើអាកាសដ៏ល្អបំផុតដែលមិនធ្លាប់មាន»៕ New York Times