រដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន​ លោក Taku Eto បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​​ថា លោក​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​រួច​ហើយ​ ដោយសារ​ការ​និយាយ​មិន​សមរម្យ​អំពី​ការ​ទិញ​អង្ករ​ ដែល​បាន​ធ្វើ​ឱ្យ​សាធារណជន​ខឹង​សម្បា។

ទីភ្នាក់ងារ​ព័ត៌មាន AP ចុះ​ផ្សាយ​ថា លោក Eto​ បាន​និយាយ​ថា ​នាយករដ្ឋមន្ត្រី​ជប៉ុន Shigeru Ishiba​ បាន​ទទួល​យក​សំណើ​សុំ​លាលែង​នេះ​ហើយ។

លោក Eto​ បាន​រងការ​រិះគន់​កាល​ពី​ដើម​សប្តាហ៍​នេះ បន្ទាប់​ពី​លោក​បា​ននិយាយ​​ថា លោក​មិន​​ចាំ​បាច់​ទិញ​អង្ករ​ទេ ដោយសារ​អំណោយ​ពី​អ្នក​គាំទ្រ​របស់​លោក​ ហើយ​លោក​ថែម​ទាំង​អាច​លក់​អង្ករ​ទាំង​នោះ​បាន​ទៀត​ផង។​

ការ​លើក​ឡើង​បែប​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​ជា​សាធារណៈ ខណៈ​ដែល​ពលរដ្ឋ​​អ្នក​ប្រើ​ប្រាស់​កំពុង​ជួប​ការ​លំបាក​ដោយសារ​តែ​កង្វះ​អង្ករ និង​តម្លៃ​អង្ករ​កើន​ឡើង​ខ្ពស់។

កំហុស​របស់​លោក អេតូ​ និង​ការ​លាលែង​ពី​តំណែង​នេះ​អាច​បង្ក​ផល​ប៉ះ​ពាល់​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​ភាគ​តិច​របស់​លោក​នាយក​រដ្ឋមន្ត្រី Ishiba ដែល​បច្ចុប្បន្ន​នេះ​កំពុង​តស៊ូ និង​កំពុង​បាត់​បង់​ការ​គាំទ្រ​ពី​សាធារណជន៕ AP, Japantimes