ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa កាលពីថ្ងៃពុធជាមួយនឹងការអះអាងមិនពិតអំពីការប្រល័យពូជសាសន៍ជន​ស្បែកស និងការរឹបអូសយកដី ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន​ដែល​ពោរពេញទៅ​ដោយភាពតានតឹង។

ភាព​តាន​តឹង​នៅ​សេតវិមាន​នេះ​ បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​​ជំនួប​រស់​លោក​ ត្រាំ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីខែកុម្ភៈ។

អាហ្រ្វិកខាងត្បូងជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដែល​ជនរងគ្រោះភាគច្រើនលើសលប់គឺជាជនជាតិស្បែកខ្មៅ។

លោក Ramaphosa សង្ឃឹមថានឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីស្តារឡើងវិញនូវទំនាក់ទំនងរបស់ប្រទេសលោក​ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ​ បានលុបចោលជំនួយសំខាន់ៗនៅ​អាហ្វ្រិកខាងត្បូង, ផ្តល់ជម្រកដល់ជនជាតិភាគតិចស្បែកស​ Afrikaners, បណ្តេញឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងចេញ និងរិះគន់សំណុំរឿងរបស់តុលាការពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានមកដល់ដោយរៀបចំខ្លួនសម្រាប់ការទទួលស្វាគមន៍រួចជាស្រេច ជាមួយនឹងការនាំយកកីឡាករវាយកូនហ្គោលជនជាតិស្បែកសអាហ្វ្រិកខាងត្បូងដ៏ពេញនិយមដែលជាផ្នែកមួយនៃគណៈប្រតិភូរបស់លោក​ ហើយនិយាយថាលោក​ចង់ពិភាក្សាអំពីពាណិជ្ជកម្មជាមួយ​លោក ត្រាំ។

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់អាហ្រ្វិកខាងត្បូង ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការយកពន្ធ ៣០% ក្រោមការផ្អាកពន្ធនាំចូលនាពេលបច្ចុប្បន្នរបស់លោក ត្រាំ។

ប៉ុន្តែ នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើង លោក ត្រាំ​ បានបញ្ចេញសកម្មភាពភាពវាយប្រហារភ្លាមៗ ដោយលោក​បានបញ្ចេញបញ្ជីបញ្ហាខ្លះៗអំពីការប្រព្រឹត្តទៅលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកស ហើយបានបន្ថែមដោយការចាក់វីដេអូ និងធ្វើការបង្ហាញអត្ថបទព័ត៌មានដែលបានបោះពុម្ពជាច្រើនសន្លឹក ដែលលោក ត្រាំ អះអាងថា​ជាភស្តុតាងបញ្ជាក់ចំពោះការចោទប្រកាន់របស់លោក​ទៅលើអាហ្រ្វិកខាងត្បូងពីការប្រល័យពូជសាសន៍ទៅលើជនជាតិស្បែកស។

ជាមួយនឹងការបិទភ្លើងតាមការស្នើសុំរបស់លោក ត្រាំ​ វីដេអូដែលបានចាក់នៅលើកញ្ចក់ទូរទស្សន៍បានបង្ហាញឈើឆ្កាងពណ៌ស ដែលលោក ត្រាំ​ អះអាងថាជាផ្នូររបស់មនុស្សស្បែកស ដែលត្រូវបានដុតដោយមេដឹកនាំបក្សប្រឆាំង។

វីដេអូនេះត្រូវបានធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២០ ក្នុងអំឡុងពេលតវ៉ាបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងកសិដ្ឋានរបស់ពួកគេ។

លោក ត្រាំ បាននិយាយថា៖ «យើងមានមនុស្សជាច្រើនដែលមានអារម្មណ៍ថាពួកគេត្រូវបានធ្វើទុក្ខបុកម្នេញ និងធ្វើការរើសអើង ហើយពួកគេកំពុងស្វែងរកវិធីដើម្បីមកសហរដ្ឋអាមេរិក យើងទទួលយកមនុស្សជាច្រើនមកពីទីតាំងច្រើន ដូច្នេះយើងមានអារម្មណ៍ថាមានការបៀតបៀន ឬអំពើប្រល័យពូជសាសន៍កើតឡើង ដោយសំដៅជាពិសេសទៅលើកសិករស្បែកស»។

លោក ត្រាំ បានបន្ថែមថា៖ «ប្រជាជនកំពុងភៀសខ្លួនពីអាហ្វ្រិកខាងត្បូងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ដីធ្លីរបស់ពួកគេកំពុងត្រូវបានរឹបអូស ហើយក្នុងករណីជាច្រើន ពួកគេត្រូវបានសម្លាប់ផងដែរ»​។

អាហ្រ្វិកខាងត្បូងធ្លាប់​បាន​ស៊ូទ្រាំនឹងការរើសអើងដ៏ធ្ងន់ធ្ងរ​ទៅ​លើ​ជនជាតិស្បែកខ្មៅអស់​ជាច្រើនសតវត្សរ៍​​ក្នុងអំឡុងពេលអាណានិគមនិយម និងការរើសអើងជាតិសាសន៍ មុនពេលក្លាយជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យពហុបក្សក្នុងឆ្នាំ១៩៩៤ ក្រោមការដឹកនាំរបស់លោក Nelson Mandela។ ប្រទេស​នេះ​បាន​ច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ​ម្ដង​ហើយ​ម្ដង​ទៀត។

ប៉ូលិសអាហ្រ្វិកខាងត្បូងបានកត់ត្រាឃាតកម្មចំនួន ២៦២៣២ករណី​ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៤ ដោយមាន ៤៤ករណីពាក់ព័ន្ធនឹងសហគមន៍កសិកម្ម ក្នុងនោះជន​រង​គ្រោះ​៨​នាក់​​ជា​កសិករ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ramaphosa ដែលអង្គុយនៅ​លើ​កៅអី​ក្បែរលោក ត្រាំ​ ​បានពង្រឹង​ជំហរ​យ៉ាងមាំមួន នឹងធ្វើការបដិសេធចំពោះការ​អះអាង និងការចោទប្រកាន់​ពីលោក ត្រាំ។

លោក Ramaphosa បានលើកឡើងថា «ប្រសិនបើមានការប្រល័យពូជសាសន៍កសិករជនជាតិស្បែកស Afrikaner មែននោះ ខ្ញុំអាចភ្នាល់អ្នកបាន សុភាពបុរសទាំងបីនេះនឹងមិននៅទីនេះទេ» ដោយលោក Ramaphosa បាននិយាយសំដៅលើកីឡាករវាយកូនហ្គោល Ernie Els Retief Goosen និងមហាសេដ្ឋី Johann Rupert ស្បែកសទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នោះ។

ការឆ្លើយតបនេះ​មិនបានធ្វើអោយលោក ត្រាំ ពេញចិត្តនោះទេ ដោយលោក ត្រាំ បាននិយាយថា «យើងនៅមានរឿងរាប់ពាន់និយាយអំពីវា ហើយយើងមានភាពយន្តឯកសារ និងព័ត៌មានជាច្រើនទឿត វាត្រូវតែមានការឆ្លើយតបដែលប្រសើរជាងនេះ»៕ រ៉យទ័រ