ចាប់​ពី​សប្ដាហ៍​ក្រោយ ជនបរទេសដែលមានទឹកប្រាក់ ៥ លានដុល្លារនឹងអាចចុះឈ្មោះសម្រាប់ទិដ្ឋាការ «កាតមាស» ​ដែលនឹងផ្តល់សិទ្ធិឱ្យពួកគេរស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។ នេះបើតាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក​ Howard Lutnick។

លោក Lutnick បាននិយាយនៅឯព្រឹត្តិការណ៍ «កសាង​អនាគត» របស់សារព័មាន​ Axios នៅទីក្រុងវ៉ាស៊ីនតោន​ កាលពីថ្ងៃពុធថា៖ «ខ្ញុំរំពឹងថានឹងមានគេហទំព័រមួយឈ្មោះ Trump card dot gov ដំណើរការក្នុងរយៈពេលប្រហែលមួយសប្តាហ៍​ទៀត។ ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីដាក់​ដំណើរ​ការ ប៉ុន្តែគេ​អាចចាប់ផ្តើមចុះឈ្មោះបានហើយ»។

លោក Lutnick បាននិយាយថា កាតនេះនឹងជំនួសកម្មវិធីទិដ្ឋាការវិនិយោគជនអន្តោប្រវេសន៍ EB-5 របស់រដ្ឋាភិបាល ដែលផ្តល់ Green Card ដល់ជនអន្តោប្រវេសន៍ដែលវិនិយោគ ១,៨ លានដុល្លារនៅសហរដ្ឋអាមេរិក ឬ ៩០០,០០០ ដុល្លារនៅតំបន់ដែលមានការលំបាក​ផ្នែក​សេដ្ឋកិច្ច។

លោក Lutnick បានបង្ហាញថា មាន​មនុស្ស​ជា​ច្រើន​បាន​ចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះកម្មវិធីទិដ្ឋាការថ្មីនេះ ដោយនិយាយថា នៅក្នុងដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាកាល​ពី​ពេល​ថ្មីៗនេះ លោកបានចាប់ផ្តើម «លក់» កាតនេះរួចហើយ។

កម្មវិធីទិដ្ឋាការ «កាតមាស» ថ្មីនេះត្រូវបានស្នើឡើងជាលើកដំបូងនៅខែកុម្ភៈដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា អ្នកជំនាញ​ផ្នែក​ច្បាប់អន្តោប្រវេសន៍បានលើក​ឡើង​ថា​ ការបង្កើតទិដ្ឋាការថ្មី​នេះ​តម្រូវឱ្យមានការយល់ព្រមពីសភា។

លោក Lutnick បាននិយាយថា កម្មវិធី «កាតមាស« នេះអាចជួយសងបំណុលសហព័ន្ធអាមេរិក ដែលបច្ចុប្បន្នមានចំនួនជាង ៣៦ ទ្រីលានដុល្លារ។

លោក​និយាយថា៖ «អ្នក​ដែល​ទិញ​កាត​នេះ​គឺជា​មនុស្សឆ្នើមដែលនឹង​នាំមកនូវអាជីវកម្ម និងឱកាស​ឱ្យអាមេរិក ហើយពួកគេនឹងបង់​ប្រាក់​ ៥ លានដុល្លារ។ ប្រសិនបើមានមនុស្ស ២០ម៉ឺន​ នាក់​បង់ប្រាក់ នោះគឺ​យើង​បាន​ប្រាក់​ ១ ទ្រីលានដុល្លារ​រួច​ទៅ​ហើយ។ វាអាច​ទូទាត់​បាន​អ្វីៗគ្រប់យ៉ាង»៕