បុគ្គលិកពីរនាក់នៃស្ថានទូតអ៊ីស្រាអែលត្រូវបានបាញ់សម្លាប់កាលពីល្ងាចថ្ងៃពុធ ខណៈពេលពួកគេកំពុងចាកចេញពីព្រឹត្តិការណ៍មួយនៅឯសារមន្ទីរជនជាតិជ្វីហ្វក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ បន្ទាប់ពីការបាញ់ប្រហារ ជនសង្ស័យត្រូវចាប់ខ្លួន ជាមួយនិងការស្រែកថា ដោះលែងប៉ាឡេស្ទីន ដោះលែងប៉ាឡេស្ទីន។

លោកស្រី Pamela Smith មេប៉ូលិសក្រុង Metropolitan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនរងគ្រោះទាំងពីរ ដែលមានបុរសម្នាក់ និងស្ត្រីម្នាក់ កំពុងចាកចេញពីព្រឹត្តិការណ៍មួយនៅសារមន្ទីរជនជាតិជ្វីស ខណៈដែលជនសង្ស័យបានចូលទៅជិត ហើយបើកការបាញ់ប្រហារទៅលើជនរងគ្រោះតែម្តង។

លោកស្រី Smith បាននិយាយថា ជនសង្ស័យត្រូវបានគេស្គាល់ថា​មាន​ឈ្មោះ ​ Elias Rodriguez អាយុ៣០ឆ្នាំ រស់នៅទីក្រុង Chicago។ មុនពេល​កើត​ហេតុ គាត់ត្រូវបានគេឃើញដើរនៅខាងក្រៅសារមន្ទីរ ហើយបន្ទាប់ពីការបាញ់ប្រហាររួចហើយគាត់ក៍បានដើរចូលទៅក្នុងសារមន្ទីរវិញ ហើយត្រូវបានឃាត់ខ្លួនដោយសន្តិសុខ។

លោកស្រី Smith ក៏​បានលើកឡើងថា នៅពេល​ត្រូវបានចាប់ខ្លួន ជនសង្ស័យបានចាប់ផ្ដើមស្រែកថា «ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព»។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ​សហរដ្ឋអាមេរិក លោក Yechiel Leiter បាននិយាយថា ជនរងគ្រោះទាំងពីរនាក់ដែលត្រូវបានសម្លាប់ គឺជាគូស្នេហ៍វ័យក្មេងដែលត្រៀមនឹងភ្ជាប់ពាក្យ។

អគ្គមេធាវី Pam Bondi បាននិយាយថា អ្នកស្រី​បាន​នៅកន្លែងកើតហេតុជាមួយអតីតចៅក្រម Jeanine Pirro ដែលបម្រើការជាមេធាវីរបស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ហើយការិយាល័យរបស់អ្នកស្រី​នឹងដំណើរ​ការ​លើ​ករណី​នេះ។

លោកប្រធានាធិបតី ដូណាល់​ ត្រាំ​ បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖ «ការបាញ់សម្លាប់ដ៏អាក្រក់នៅទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធ​ទៅនឹងការប្រឆាំងសាសនាត្រូវតែបញ្ចប់ឥឡូវនេះ។ ការស្អប់ខ្ពើម និងភាពជ្រុលនិយមមិនមាននៅក្នុងសហរដ្ឋអាមេរិកទេ។ ខ្ញុំ​​សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ និង​សោកស្តាយណាស់ដែលរឿងនេះកើតឡើង សូមព្រះព្រទានពរ»។

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog  (អ៊ីសាក់ ហឺរ្សូក) បាននិយាយថា លោក​មានការតក់ស្លុត ជាខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ហើយ​ថា​វា​​ជា​ទង្វើដ៏គួរឱ្យស្អប់ខ្ពើម​របស់​ពួកជ្រុលនិយម ដែលបានឆក់យកជីវិតបុគ្គលិកវ័យក្មេងពីស្ថានទូតអ៊ីស្រាអែល៕ SCMP