ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាមបានបញ្ជាឲ្យ​សេវាទូរគមនាគមន៍ឱ្យបិទ Telegram ដោយសារ​តែ​ក្រុមហ៊ុន​ Telegram មិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានកើតឡើង។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលដែលទីភ្នាក់ងារ Reuters ទទួលបាន។

ឯកសារដែលចុះថ្ងៃទី២១ ខែឧសភា ដែលចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយ​​រាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។

ក្រសួងបានស្នើសុំឱ្យក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍៖ «អនុវត្ត​វិធានការ​ដំណោះស្រាយ និងវិធានការដើម្បីទប់ស្កាត់សកម្មភាពរបស់ Telegram នៅក្នុងប្រទេសវៀតណាម»។

ឯកសារនេះបានបង្ហាញ​ថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់វៀតណាម​ បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨ភាគ​រយ​នៃបណ្តាញ Telegram និងក្រុមឆាណែលចំនួន ៩៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ពាក់​ព័ន្ធ​នឹង​ការ​ក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីមួយនេះ។

មន្ត្រីក្រសួងបច្ចេកវិទ្យាម្នាក់បានបញ្ជាក់ប្រាប់ Reuters ថា ឯកសារនោះជាឯកសារពិត ពីព្រោះការចាត់វិធាននោះកើតឡើងបន្ទាប់ពី Telegram បានបរាជ័យក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល នៅពេលដែលមានសំណើក្នុងសំណុំរឿងស៊ើបអង្កេតឧក្រិដ្ឋកម្ម។

ក្រុមហ៊ុន​គ្រប់គ្រង Telegram និងក្រសួងបច្ចេកវិទ្យាវៀតណាមមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ប៉ូលិស​និងសារព័ត៌មានរដ្ឋវៀតណាមបានព្រមានម្តងហើយម្តងទៀតអំពីឧក្រិដ្ឋកម្មដែលអាចកើតមានដូចជា ការក្លែងបន្លំ និងការបំពានទិន្នន័យនៅលើបណ្តាញ Telegram ៕