រដ្ឋបាលលោក ត្រាំ បានសម្រេច​បញ្ចប់​លទ្ធភាព​របស់សាកលវិទ្យាល័យ Harvard ក្នុងការទទួលនិស្សិតអន្តរជាតិ ដែល​​ការ​សម្រេច​នេះ​នឹង​បង្កើនជម្លោះ​កាន់​តែ​ខ្លាំង​ជាមួយសាកលវិទ្យាល័យចំណាស់ជាងគេនៅអាមេរិក។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានសរសេរនៅលើបណ្ដាញ​សង្គម​ X ថា រដ្ឋបាល​លោក ត្រាំ បានលុបចោលការ​ផ្ដល់​វិញ្ញាបនប័ត្រ​​សម្រាប់​ «កម្មវិធីនិស្សិត និង​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​» របស់សាកលវិទ្យាល័យ​ Harvard ដោយសារតែ​សាកលវិទ្យាល័យ​នេះ​ខកខានមិនគោរពច្បាប់។

លោកស្រី Noem សរសេរ​ថា៖ «សូមឱ្យរឿងនេះជាការព្រមានដល់សាកលវិទ្យាល័យ និងស្ថាប័នសិក្សាទាំងអស់នៅទូទាំងប្រទេស»។

ប៉ុន្តែ គណៈគ្រប់គ្រង​សាកល​វិទ្យាល័យ Harvard បានហៅការ​សម្រេច​របស់​រដ្ឋ​ថា​ «ខុសច្បាប់» ។

សាកល​វិទ្យាល័យ​នេះ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើងប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការរក្សាសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការទទួលនិស្សិត និងអ្នកសិក្សាអន្តរជាតិរបស់យើង ដែលមកពីជាង ១៤០ ប្រទេស និងបានធ្វើឱ្យសាកលវិទ្យាល័យ ក៏​ដូចជា​បាន​ធ្វើ​ឲ្យ​ប្រទេសនេះ មានភាពសម្បូរបែបឥតគណនា»។

សាកល​វិទ្យាល័យ​បន្ត​ថា៖ «យើងកំពុងធ្វើការយ៉ាងលឿនដើម្បីផ្តល់ការណែនាំ និងការគាំទ្រដល់សមាជិកនៃសហគមន៍របស់យើង។ សកម្មភាពសងសឹកនេះគំរាមកំហែងនាំ​ឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហគមន៍ Harvard និងប្រទេសរបស់យើង ហើយធ្វើឱ្យប៉ះពាល់ដល់បេសកកម្មសិក្សា និងស្រាវជ្រាវរបស់ Harvard»។

ការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ អាចប៉ះពាល់ដល់និស្សិតអន្តរជាតិរាប់ពាន់នាក់ដែលសិក្សានៅសាកលវិទ្យាល័យនេះ។ ទិន្នន័យសាកលវិទ្យាល័យបង្ហាញថា និស្សិតអន្តរជាតិជាង ៦,៧០០ នាក់បានចុះឈ្មោះនៅស្ថាប័ននេះក្នុងឆ្នាំសិក្សាមុន ដែលស្មើនឹង ២៧ភាគរយ​នៃចំនួននិស្សិតសរុប។

ព័ត៌មាននេះបានលេច​ឮ​យ៉ាងលឿនក្នុងសហគមន៍អន្តរជាតិនៅក្នុងបរិវេណសាកលវិទ្យាល័យនៅថ្ងៃព្រហស្បតិ៍ ដែលបានបង្កឱ្យមានការភ័យខ្លាច ភាន់​ច្រឡំ និងការខកចិត្តក្នុងចំណោមនិស្សិតរាប់ពាន់នាក់ដែលអនាគតរបស់ពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់៕