
រូបភាពនេះត្រូវបានដកស្រង់ចេញពីវីដេអូរបស់ Reuters ដែលថតបន្ទាប់ពីការប្រយុទ្ធដ៏សាហាវជាមួយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញរូបថតដែលថតពីអេក្រង់នៃវីដេអូរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលថតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មកដាក់បន្ទុកលើអាហ្វ្រិកខាងត្បូងថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើកសិករស្បែកស។
នៅក្នុងជំនួបដ៏តឹងតែងនៅថ្ងៃពុធ ជាមួយប្រធានាធិបតីអាហ្រិកខាងត្បូង Cyril Ramaphosa លោក ត្រាំ បាននិយាយថា៖ «ទាំងនេះសុទ្ធតែជាសពកសិករស្បែកសដែលត្រូវបានគេបញ្ចុះ» ដោយកាន់ក្រដាសបោះពុម្ពអត្ថបទមួយដែលភ្ជាប់ជាមួយរូបភាពនោះ។
ប៉ុន្តែតាមពិត វីដេអូដែលផ្សព្វផ្សាយដោយ Reuters នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ និងត្រូវបានផ្ទៀងផ្ទាត់ជាបន្តបន្ទាប់ដោយក្រុមត្រួតពិនិត្យរបស់ទីភ្នាក់ងារព័ត៌មាននេះ បានបង្ហាញពីអ្នកធ្វើការងារមនុស្សធម៌កំពុងលើកថង់សាកសពនៅទីក្រុងហ្គោម៉ា ប្រទេសកុងហ្គោ។
រូបភាពនេះត្រូវបានដកស្រង់ចេញពីវីដេអូរបស់ Reuters ដែលថតបន្ទាប់ពីការប្រយុទ្ធដ៏សាហាវជាមួយក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា។
អត្ថបទដែលលោក ត្រាំ បានបង្ហាញដល់លោក Ramaphosa ក្នុងអំឡុងកិច្ចប្រជុំនៅសេតវិមាន ត្រូវបានបោះពុម្ពដោយ American Thinker ដែលជាទស្សនាវដ្តីអនឡាញអភិរក្សនិយម អំពីជម្លោះនិងភាពតានតឹងផ្នែកជាតិសាសន៍នៅអាហ្វ្រិកខាងត្បូង និងកុងហ្គោ។
អត្ថបទនោះមិនបានដាក់ចំណងជើងលើរូបភាពទេ ប៉ុន្តែបានកំណត់ថាវាជា «រូបថតអេក្រង់ពី YouTube» ជាមួយនឹងតំណភ្ជាប់ទៅកាន់របាយការណ៍ព័ត៌មានវីដេអូអំពីកុងហ្គោនៅលើ YouTube របស់ Reuters៕