
សាកសពអ្នកជិះស្គីចំនួនប្រាំនាក់ត្រូវបានរកឃើញនៅលើផ្ទាំងទឹកកកក្បែរភ្នំ Rimpfischhorn ប្រទេសស្វីស។ នេះបើតាមការប្រកាសរបស់ប៉ូលិសកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានបញ្ជាក់ថា សាកសពត្រូវបានគេរកឃើញបន្ទាប់ពីអ្នកជិះស្គីពីរនាក់ផ្សេងទៀតបានផ្តល់ការជូនដំណឹងដោយនិយាយថាពួកគេបានឃើញស្គីនៅជើងភ្នំ ប៉ុន្តែមិនបានឃើញម្ចាស់របស់ពួកគេនោះទេ។
សេចក្តីថ្លែងការណ៍បានបន្តថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះដែលរួមមានទាំងអ្នកជំនាញខាងវេជ្ជសាស្ត្រនៅលើនោះបានហោះពីលើតំបន់នោះភ្លាមៗ ហើយសាកសពទាំងប្រាំនាក់ត្រូវបាន រកឃើញយ៉ាងឆាប់រហ័ស។
ទូរទស្សន៍នៃ Radio Télévision Suisse (RTS) របស់ស្វីសបានរាយការណ៍ថា សាកសពបីនាក់ត្រូវបានគេរកឃើញប្រហែល ៥០០ម៉ែត្រ ពីកន្លែងដែលគេប្រទះឃើញស្គី រីឯសាកសពពីរនាក់ផ្សេងទៀតត្រូវបានគេរកឃើញនៅកម្ពស់ជិត ២០០ម៉ែត្រ នៅលើតំបន់តូចមួយដែលគ្របដណ្តប់ដោយព្រិល ការកំណត់អត្តសញ្ញាណផ្លូវការរបស់ជនរងគ្រោះកំពុងបន្ត។
ប៉ូលិសបាននិយាយថា អគ្គមេធាវីបានបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់មួយនេះ៕