
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ចេញកំហឹងចំពោះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការបន្តវាយប្រហារលើអ៊ុយក្រែន ខណៈដែលកិច្ចចរចាកំពុងបន្តរវាងប្រទេសទាំងពីរក្នុងការស្វែងរកដំណោះស្រាយចំពោះសង្គ្រាមដែលកំពុងកើតមាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលឡើងជិះយន្តហោះ Air Force One នៅទីក្រុង Morristown រដ្ឋ New Jersey ដើម្បីត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ លោក ត្រាំ បានឆ្លើយសំណួរទាក់ទងនឹងពន្ធគយ គោលដៅផលិតកម្ម និងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ចំពោះការបន្តវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន លោក ត្រាំ ថ្លែងថា៖ «ខ្ញុំមិនសប្បាយចិត្តនឹងអ្វីដែល ពូទីន កំពុងធ្វើនោះទេ។ គាត់កំពុងសម្លាប់មនុស្សជាច្រើន ហើយខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះ ពូទីន នោះទេ។ ខ្ញុំស្គាល់គាត់ជាយូរមកហើយ និងតែងតែមានទំនាក់ទំនងល្អជាមួយគាត់ ប៉ុន្តែគាត់កំពុងបាញ់រ៉ុកកែតចូលទីក្រុង និងសម្លាប់មនុស្ស ហើយខ្ញុំមិនចូលចិត្តវាទាល់តែសោះ»។
លោកបន្តថា៖ «យើងកំពុងនៅកណ្តាលកិច្ចចរចា ហើយគាត់កំពុងបាញ់រ៉ុកកែតចូលទីក្រុងកៀវ និងទីក្រុងផ្សេងទៀត។ ខ្ញុំមិនចូលចិត្តវាទាល់តែសោះ។ ខ្ញុំមិនចូលចិត្តអ្វីដែល ពូទីន កំពុងធ្វើនោះទេ សូម្បីតែបន្តិចក៏មិនចូលចិត្តដែរ។ គាត់កំពុងសម្លាប់មនុស្ស។ ច្បាស់ជាមានអ្វីមួយកើតឡើងចំពោះបុរសនេះ ហើយខ្ញុំមិនចូលចិត្តនោះទេ»។
លោក ត្រាំ បន្តថា លោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី។
កាលពីអាទិត្យ ទីក្រុងកៀវ និងតំបន់ផ្សេងទៀតបានទទួលរងការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងធ្វើឱ្យរបួសរាប់សិបនាក់ទៀត។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរនៅតែជាប់គាំងក្នុងសង្គ្រាមចាប់តាំងពីពេលនោះមក។
លោក ត្រាំ បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមនេះក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីត្រឡប់មកកាន់តំណែងនៅខែមករា ប៉ុន្តែជាច្រើនខែក្រោយមក កិច្ចចរចានៅតែជាប់គាំង។ កាលពីខែមុន លោកបានទទួលស្គាល់ថា លោក ពូទីន ប្រហែលជាមិនចង់បញ្ចប់សង្គ្រាមទេ ហើយកំពុង «លេងសើចជាមួយខ្ញុំ» ដោយបង្ហាញថាសហរដ្ឋអាមេរិកប្រហែលជាត្រូវការវិធីសាស្ត្រផ្សេងមួយជាមួយម៉ូស្គូ ដើម្បីបញ្ចប់ជម្លោះនេះ។
លោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីសប្តាហ៍មុន ដោយបានប្រាប់អ្នកសារព័ត៌មានមុននោះថា មេដឹកនាំរុស្ស៊ីត្រូវតែបញ្ចប់ «ការបង្ហូរឈាម» នៅអ៊ុយក្រែន ដោយបន្ថែមថាលោកមានទំនុកចិត្តថា «ការឈប់បាញ់នឹងកើតឡើង ហើយសង្គ្រាមដ៏ហិង្សានេះដែលមិនគួរកើតឡើង នឹងបញ្ចប់»៕ Newsweek