រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យស្ថានទូត​របស់​ខ្លួន​ផ្អាកណាត់​សម្ភាស​និស្សិត​បរទេស​សម្រាប់​ទិដ្ឋាការសិក្សា​ ខណៈដែលអាមេរិក​កំពុងរៀបចំរឹត​បន្តឹង​ទៅ​លើ​ការ​ត្រួតពិនិត្យប្រវត្តិ​​នៅ​លើ​បណ្ដាញ​សង្គម​របស់​សិស្ស​និស្សិត​​ដែល​ដាក់​ពាក្យ​ស្នើ​សុំ។

នៅក្នុងច្បាប់ចម្លងនៃកំណត់​​សម្គាល់​ដែលបានផ្ញើទៅកាន់ស្ថានទូតនានា​ រដ្ឋមន្ត្រីការបរទេស Marco Rubio បាននិយាយថា ការផ្អាកនេះនឹងបន្ត «រហូតដល់មានការណែនាំបន្ថែមជា​ថ្មី»។

កំណត់​សម្គាល់​នេះបាននិយាយថា ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងត្រូវបានពង្រឹងកាន់​តែ​ខ្លាំង​សម្រាប់ទិដ្ឋាការសិស្ស និងទិដ្ឋាការសម្រាប់​ការ​ផ្លាស់ប្តូរនិស្សិត​បរទេស។

ការ​ផ្អាក​នេះ​កើតឡើងចំពេលជម្លោះរបស់លោក ត្រាំ ជាមួយសាកលវិទ្យាល័យល្បីៗមួយចំនួននៅអាមេរិក ដែលលោក ត្រាំ ជឿថាមាននិន្នាការឆ្វេងនិយមខ្លាំងជ្រុល។ លោក​និយាយថា សាកលវិទ្យាល័យទាំងនោះមួយចំនួនបានអនុញ្ញាតឱ្យមានការរើសអើងជនជាតិជ្វីហ្វនៅក្នុងបរិវេណសាលា និងរក្សាគោលនយោបាយទទួលសិស្សដែល​មាន​និន្នាការ​រើសអើង។

សារ​របស់ក្រសួងការបរទេស ដែលត្រូវបានសារព័ត៌មាន​ CBS News ទទួលបាន បានណែនាំស្ថានទូតអាមេរិក​ឱ្យលុបចោលការណាត់ជួបដែលមិនទាន់បានធ្វើ​ចេញ​ពីប្រតិទិនរបស់ពួកគេសម្រាប់និស្សិតដែលស្វែងរកទិដ្ឋាការ ប៉ុន្តែបានបញ្ជាក់​ថា អ្នកដែលបានកំណត់ពេលណាត់ជួបរួចហើយអាចបន្តទៅមុខបាន។

សារ​ទូត​នេះ​ក៏បាននិយាយផងដែរថា ក្រសួងការបរទេសកំពុងរៀបចំត្រៀម​«ពង្រឹង​ការត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធផ្សព្វផ្សាយសង្គម»​ ដែលអនុវត្តចំពោះការដាក់ពាក្យសុំទិដ្ឋាការសិស្សទាំងអស់។ ប៉ុន្តែ មិន​បាន​បញ្ជាក់ច្បាស់ថា ការវាយតម្លៃលើ​បណ្ដាញ​សង្គម​របស់​អ្នក​ដាក់​ពាក្យ​សុំ ផ្ដោត​លើ​​អ្វី​ខ្លះ​នោះ​ទេ។

រដ្ឋបាលរបស់លោក ត្រាំ បានពង្រឹងការវាយតម្លៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់និស្សិតរួចហើយ ដោយផ្តោតលើអ្វីដែលរដ្ឋបាលនេះមើលឃើញ​ថាជា «សកម្មភាពភេរវកម្ម»។ ការ​រឹត​បន្តឹង​របស់​លោក ត្រាំ លើ​និស្សិត​បរទេស កើត​មាន​ដោយសារ​លោកថ្លែង​ថា មាន​ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតាមបរិវេណសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និង​អត្រា​និស្សិត​បរទេស​ខ្ពស់​៕