រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា​នឹងកហូតទិដ្ឋាការពីនិស្សិតចិនដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ហើយ​ក្រសួង​ការបរទេស​អាមេរិក​អះអាង​ថា គោលនយោបាយ​ទិដ្ឋាការ​គឺ​ជា​គោលការណ៍​អាមេរិក​ជា​ចម្បង មិន​មែន​សម្រាប់​ចិន​នោះ​ទេ។

រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កការ​ដក​ទិដ្ឋាការ​នេះនឹងរួមបញ្ចូលអ្នកដែលមានទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តចិន ឬកំពុង​សិក្សានៅក្នុងវិស័យសំខាន់ៗ។

លក្ខណៈវិនិច្ឆ័យទិដ្ឋាការនឹងត្រូវបានពិនិត្យឡើងវិញដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងហ្មត់ចត់ចំពោះពាក្យសុំទិដ្ឋាការពីនិស្សិតចិន និងហុងកុងនាពេលអនាគត។

ទំនាក់ទំនងរវាងប៉េកាំង និងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើងរវាងប្រទេសមហាអំណាចទាំងពីរ ដែលបង្កឡើងដោយពន្ធគយរបស់លោក ត្រាំ។

កាលពីថ្ងៃចន្ទ លោក Marco Rubio ដែលជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានបញ្ជារឱ្យស្ថានទូតអាមេរិកនៅជុំវិញពិភពលោក បញ្ឈប់ការកំណត់ពេលវេលាសម្រាប់ការណាត់ជួបសុំទិដ្ឋាការនិស្សិត ខណៈដែលក្រសួងការបរទេសកំពុងរៀបចំពង្រីកការពិនិត្យ​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមលើបេក្ខជនទាំងអស់នោះ។

និស្សិតចិន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ប្រហែល ២៨ម៉ឺននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

ទោះបីជានិស្សិតចិនធ្លាប់ជាក្រុមនិស្សិតអន្តរជាតិដែលមានចំនួនច្រើនជាងគេនៅសាកលវិទ្យាល័យអាមេរិកក៏ដោយ ចំនួន​នេះ​​បានផ្លាស់ប្តូរនាពេលថ្មីៗនេះ។ យោងតាមទិន្នន័យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់​តាំងពីការរឹតបន្តឹងនាសម័យរាតត្បាតកូវីដ រហូតដល់ទំនាក់ទំនងកាន់តែអាក្រក់រវាងប្រទេសទាំងពីរ ចំនួននិស្សិត​ចិន​បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ លោក Rubio បាននិយាយថា៖ «ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងសហការជាមួយក្រសួង​សន្តិសុខមាតុភូមិដើម្បីលុបចោលទិដ្ឋាការរបស់និស្សិតចិន រួមមានអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬកំពុងសិក្សានៅក្នុងវិស័យសំខាន់ៗ»។

លោក​បន្ត​ថា៖ «យើងនឹងពិនិត្យលក្ខណៈទិដ្ឋាការឡើងវិញទាំងអស់ដើម្បីបង្កើនការត្រួតពិនិត្យ​យ៉ាងហ្មត់ចត់ចំពោះពាក្យសុំទិដ្ឋាការ នាពេលអនាគត ពីសាធារណរដ្ឋប្រជាមានិតចិន និងហុងកុង»។

គួរឲ្យ​ដឹងផងដែរថា រដ្ឋបាលរបស់លោក ត្រាំ បានដំណើរការដកហូតទិដ្ឋាការ និងនិរទេសនិស្សិតរាប់ពាន់នាក់រួចហើយ ប៉ុន្តែសកម្មភាពអស់ទាំងនេះកំពុងត្រូវបានទប់ស្កាត់ដោយតុលាការ។

រដ្ឋាភិបាលអាមេរិកក៏បានបង្កកប្រាក់រាប់រយលានដុល្លារក្នុងការផ្តល់មូលនិធិសម្រាប់សាកលវិទ្យាល័យល្បីៗ ដូចជា សាកលវិទ្យាល័យ Harvard ជាដើម ដែលលោក ត្រាំ​ បានចោទប្រកាន់ថា សាលាមានលក្ខណៈសេរី មិនបានទប់ស្កាត់ការបង្រាបសិស្សនិស្សិតដែលធ្វើយុទ្ធនាការប្រឆាំងនិយមនៅក្នុងបរិវេណសាលា។

សាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកពឹងផ្អែកលើនិស្សិតបរទេសដែលជាប្រាក់ចំណូល​ដ៏សំខាន់ ដោយសារតែសិស្សនិស្សិតទាំងនោះ​ហ៊ានចំណាយលើការបង់ថ្លៃសិក្សាខ្ពស់។

និស្សិតអន្តរជាតិនៅអាមេរិកជាច្រើនកំពុងមានការពិបាកចិត្តលើការប្រកាសពីការបញ្ឈប់ការណាត់ជួប​សម្ភាស​សុំទិដ្ឋាការពីររដ្ឋាភិបាល ដោយពួកគេភ័យខ្លាចថា ពួកគេមិនអាចបញ្ចប់ការសិក្សា ឬទទួលបានសញ្ញាប័ត្របន្ទាប់ពីការខិតខំសិក្សារបស់ពួកគេ៕