លោក Elon Musk កំពុងចាកចេញពីតួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ក្នុងនាមជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតី ដួណាល់ ត្រាំ បន្ទាប់ពីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំណាយ និងជួយកែលម្អប្រព័ន្ធការិយាធិបតេយ្យសហព័ន្ធ។

ការចាកចេញរបស់លោក ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃពុធ ដែល​ជាការបញ្ចប់ជំពូកដ៏ច្របូកច្របល់ដែលរួមមាន ការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ការបណ្តេញទីភ្នាក់ងាររដ្ឋាភិបាល និង​ការដោះស្រាយវិវាទ។ ថ្វីបើមានការច្របូកច្របល់យ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះបាន​តស៊ូក្នុងបរិយាកាសដែលមិនធ្លាប់មាននៅ​វ៉ាស៊ីនតោន ដោយលោក​សម្រេចបានលទ្ធផលតិចជាងការរំពឹងទុក។

ដំបូង​ឡើយ លោក Elon Musk បានដាក់​គោលដៅ​កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​ ២ ទ្រី​លានដុល្លារ ប៉ុន្តែ​ក្រោយ​មកបាន​បន្ថយ​មក​​នៅ​ត្រឹម​ ១ទ្រី​លានដុល្លារ ហើយ​ចុង​ក្រោយ​បន្ត​​បន្ទាប​គោល​ដៅ​របស់​លោក​មក​នៅ​ត្រឹម ១៥០ ពាន់លានដុល្លារ។ លោកបានបង្ហាញការខកចិត្តចំពោះការតស៊ូលើគោលដៅរបស់លោក​ ដោយពេលខ្លះប៉ះទង្គិចជាមួយសមាជិកកំពូលផ្សេងទៀតក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលតែង​រំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក។

តួនាទីរបស់លោក​ជា​មួយ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្រាប់​រយៈ​ពេល​​បណ្តោះអាសន្នប៉ុណ្ណោះ ហើយថ្មីៗនេះលោក​បានបង្ហាញសញ្ញាថា ពី​ការ​ផ្លាស់​ប្ដូរ​​ទៅ​យកចិត្តទុកដាក់ទៅលើដំណើរការអាជីវកម្មរបស់លោក​វិញ ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនរ៉ុក្កែត SpaceX ជាដើម។

លោក​បា​នសរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ X របស់​លោក​ថា៖ «នៅពេលនេះ​ ពេលវេលាដែល​ខ្ញុំបានកំណត់ថា​ជាបុគ្គលិករដ្ឋាភិបាលពិសេសជិតដល់ទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ឱកាសក្នុងការកាត់បន្ថយការចំណាយខ្ជះខ្ជាយ។បេសកកម្ម​ DOGE នឹងកាន់តែរឹងមាំទៅតាមពេលវេលា នៅពេលដែលវាក្លាយជារបៀបនៃការរស់នៅ​ សម្រាប់​រដ្ឋាភិបាល​ទាំង​មូល»៕ AP