អ៊ីស្រាអែលបានទទួលយកសំណើ​បទឈប់បាញ់ថ្មី​ជាមួយក្រុមហាម៉ាស់ស្នើ​ដោយ​បេសកជនអាមេរិកលោក Steve Witkoff។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

មន្ត្រីអ៊ីស្រាអែលបានប្រាប់បណ្តាញសារព័ត៌មានថា សំណើនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០នាក់ និងចំណាប់ខ្មាំងដែលបានស្លាប់ចំនួន ១៨នាក់ ព្រមទាំងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ផងដែរ។

មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មាន​លម្អិត​អំពី​ការ​ចាប់​ផ្តើម​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍​​ ដែលជាការទាមទារដ៏សំខាន់របស់ក្រុមហាម៉ាស់​​នោះទេ ដោយខាង​អ៊ីស្រាអែល​បាន​បដិសេធ​មិន​ទទួល​យក។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់​បាននិយាយថា «ក្របខណ្ឌចុងក្រោយបង្អស់គឺប្រទេសអ៊ីស្រាអែល មិនឆ្លើយតបទៅនឹងការទាមទារណាមួយរបស់ប្រជាជនយើង ជាពិសេសគឺការបញ្ឈប់សង្គ្រាម និងទុរ្ភិក្ស»។ នេះបើយោងតាមលោក Bassem Naim សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស់។

លោកបានបន្ថែមនៅលើ Facebook ថា៖ «ទោះជាយ៉ាងណាក្តី ថ្នាក់​ដឹកនាំរបស់ចលនា​នេះ​កំពុងសិក្សា​​ប្រកប​ដោយ​​ការទទួលខុសត្រូវចំពោះ​ជាតិ អំពី​ការ​​ឆ្លើយតបទៅនឹងសំណើ​នេះ ដោយ​ផ្អែក​ទៅ​លើ​អំពើប្រល័យពូជសាសន៍ ដែលប្រជាជនរបស់យើងកំពុងទទួល»។

ហាម៉ាស់​បានឆ្លើយតបទៅនឹងសំណើចុងក្រោយរបស់​លោក​ Witkoff ជាមួយនឹងលក្ខខណ្ឌ​ចំនួនបី។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់។

ហាម៉ាស់​នឹងយល់ព្រមលើការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដូចដែលបានលើកឡើងនៅក្នុងសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែពួកគេចង់បានការធានារបស់សហរដ្ឋអាមេរិកថា ការចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នឹងបន្តធ្វើ​ ហើយការប្រយុទ្ធនឹងមិនចាប់​ផ្ដើម​ឡើង​វិញ​ទេ​បន្ទាប់ពីរយៈពេល ៦០ ថ្ងៃ​នេះ។​

ក្រុមហាម៉ាស់​ចង់​ឲ្យ​ជំនួយ​មនុស្សធម៌​ត្រូវ​បាន​អនុវត្ត​តាម​រយៈ​បណ្តាញ​របស់​អង្គការ​សហប្រជាជាតិ ហើយជាចុងក្រោយ ពួកគេចង់ឱ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដកថយទៅកាន់ទីតាំងដែលពួកគេកាន់កាប់នៅថ្ងៃទី២ ខែមីនាឆ្នាំនេះ គឺ​ទីតាំង​មុន​ពេល​ដែល​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​លើ​ប៉ាឡេស្ទីន។

យោងតាមវេទិកាចំណាប់ខ្មាំង និងក្រុមគ្រួសារដែលបានបាត់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងថា លោកបានទទួលយកសំណើរបស់ Witkoff ហើយ។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ អ្នកនាំពាក្យសេតវិមាន Karoline Leavitt បានបញ្ជាក់ថា៖ «ឯកអគ្គរដ្ឋទូតពិសេស Witkoff និងប្រធានាធិបតីបានដាក់សំណើឈប់បាញ់មួយទៅឲ្យក្រុមហាម៉ាស់ ក្នុងនោះដែរអ៊ីស្រាអែលបានគាំទ្រនិងសម្របសម្រួល ហើយការពិភាក្សានឹងបន្តធ្វើ»៕ CNN