ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចបន្តការយកពន្ធគយ​លើការ​នាំ​ចូល​ទំនិញ​ដូច​អ្វីដែលលោក​បាន​សម្រេច​កាល​ពី​ដើម​ខែ​មេសា។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ មួយថ្ងៃបន្ទាប់ពីតុលាការ​ពាណិជ្ជកម្មបានរកឃើញថា ពន្ធដែល​លោក​ត្រាំ​បាន​ដាក់​ខុសច្បាប់។

តុលាការឧទ្ធរណ៍សហព័ន្ធបានអនុញ្ញាតឱ្យសេតវិមានបន្ត​អនុវត្ត​បន្ទាត់​ពន្ធ​របស់​លោក​ត្រាំ ហើយ​ផ្អាកជាបណ្តោះអាសន្ននូវបទបញ្ជារបស់តុលាការជាន់​ទាប ដែលបានសម្រេចថា លោក ត្រាំ បានដើរហួសសិទ្ធិអំណាចរបស់ខ្លួនពាក់​ព័ន្ធ​នឹ ពន្ធអន្តរជាតិ។

សេចក្តីសម្រេចនៅថ្ងៃពុធដោយ​តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមន្ត្រីរបស់លោក ត្រាំ ខឹងសម្បា។

នៅក្នុងពាក្យ​បណ្តឹងទៅ​សាលា​ឧទ្ធរណ៍ រដ្ឋបាលលោក ត្រាំ បាននិយាយថា សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មកាលពីមួយថ្ងៃមុន​បានធ្វើឲ្យ​មាន​ការវាយតម្លៃមិនត្រឹមត្រូវលើប្រធានាធិបតី និងបានគំរាមកំហែងដល់ការចរចាពាណិជ្ជកម្មដ៏លំបាកជាច្រើនខែ​របស់​រដ្ឋបាល​ថ្មី​នេះ។

ពាក្យ​បណ្ដឹង​របស់​រដ្ឋបាល​ ត្រាំ បាន​​ចោទ​តុលាការ​ពាណិជ្ជកម្ម​ថា​ជា​ស្ថាប័ន​នយោបាយ ហើយ​មិនមែនតុលាការ ហើយ​ថា​ស្ថាប័ន​នេះ​ធ្វើ​គោលនយោបាយការបរទេស និងកំណត់គោលនយោបាយសេដ្ឋកិច្ច។​

មុនពេល​មាន​ការសម្រេចនៅថ្ងៃព្រហស្បតិ៍​របស់​តុលាការឧទ្ធរណ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែង​នៅក្នុងសន្និសីទសារព័ត៌មានថា៖ «សហរដ្ឋ​អាមេរិកមិនអាចដំណើរការបានទេ ប្រសិនបើប្រធានាធិបតី ត្រាំ ឬប្រធានាធិបតីណាមួយផ្សេងទៀត ត្រូវបានរារាំង​មិន​ឲ្យ​មាន​ការចរចាការទូត ឬពាណិជ្ជកម្មដ៏សំខាន់​ដោយចៅក្រមដែល​ជា​សកម្មជន»។

ការតស៊ូផ្នែកច្បាប់នេះបានដាក់សំណួរលើជោគវាសនានៃពន្ធនាំចូល ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពចលាចលចាប់តាំងពីសេតវិមានចាប់ផ្តើមព្រមានអំពីវិធានការទាំងនេះតាំង​តែ​ពី​ដើមឆ្នាំ​មក៕