ប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​កំពុង​ណែនាំ​រដ្ឋាភិបាល​របស់​លោក​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ព្រម​ទាំង​ពង្រីក​ពន្ធនាគារ​ Alcatraz ដែល​ជា​អតីត​គុក​ដ៏ល្បី​ល្បាញ​អសោច​នៅ​លើ​កោះ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ គុក​នេះ​ពិបាក​ទៅ​ដល់​ និង​បាន​បិទ​ជាង ៦០ ឆ្នាំ​មក​ហើយ។

លោក​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «អស់​រយៈ​ពេល​ជា​យូរ​ សហរដ្ឋអាមេរិក​ត្រូវ​បាន​ញាំញី​ដោយ​ជន​ឧក្រិដ្ឋ​ដ៏​សាហាវ​ ឃោរឃៅ​ និង​មាន​បទ​ឧក្រិដ្ឋ​ម្តង​ហើយ​ម្តង​ទៀត ដែល​ជា​កាក​សំណល់​នៃ​សង្គម​ ដែល​នឹង​មិន​រួម​ចំណែក​អ្វី​ក្រៅ​ពី​ទុក្ខវេទនា និង​ការ​ឈឺចាប់។ កាល​ពី​យើង​ធ្លាប់​ជា​ប្រជាជាតិ​ដែល​ធ្វើ​អ្វី​ច្បាស់​លាស់​កាល​ពី​អតីតកាល ​យើង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​សោរ​ជន​ឧក្រិដ្ឋ​ដ៏​គ្រោះ​ថ្នាក់​បំផុត ​និង​រក្សា​ពួក​គេ​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​ពួក​គេ​អាច​បង្ក​គ្រោះ​ថ្នាក់។ នោះ​ហើយ​ជា​វិធី​ដែល​វា​គួរ​តែ​ធ្វើ»។

លោក​បន្ត​ថា៖ «នោះ​ហើយ​ជាមូល​ហេតុ​ដែល ​នៅ​ថ្ងៃ​នេះ ខ្ញុំ​កំពុង​ណែនាំ​ការិយាល័យ​ពន្ធនាគារ​ រួម​ជាមួយ​ក្រសួង​យុត្តិធម៌ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ ​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​​គុក​ Alcatraz ដែល​នឹង​ត្រូវ​ពង្រីក និង​សាងសង់​ឡើង​វិញ​លើ​ផ្នែក​ជា​ច្រើន​ ដើម្បី​ដាក់​ជន​ឧក្រិដ្ឋ​ដ៏​សាហាវ និង​ឃោរឃៅ​បំផុត​របស់​អាមេរិក។​ ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នៃ Alcatraz​ នឹង​បង្ហាញ​ជា​​និមិត្តសញ្ញា​នៃ​ច្បាប់ ​សណ្តាប់​ធ្នាប់ និង​យុត្តិធម៌»។

ពន្ធនាគារ Alcatraz ត្រូវ​បាន​គេ​ស្គាល់​ម្យ៉ាង​ទៀត​ថា The Rock ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​មាន​រលក​ខ្លាំង និង​មាន​ភាព​ត្រជាក់​ខ្លាំង។ គុក​នេះ​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​ថត​គុន​រន្ធត់ៗ​មួយ​ចំនួន ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​មួយ។​

គុក​នេះ​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​១៩៦៣ ដោយ​សារ​តែ​ការ​ពិបាក​ទៅ​លើ​ការ​ផ្គត់ផ្គង់​ ការ​ចំណាយ​ខ្ពស់​សម្រាប់​ដំណើរ​ការ និង​ហេដ្ឋារចនាសម្ព័ន្ធ​មិនល្អ រួម​ទាំង​ការ​ពិបាក​ក្នុង​ការ​ចូល​ទៅ​ដល់៕