ប្រទេសអ៊ុយក្រែនកំពុងពិចារណាផ្លាស់ប្តូរការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ហើយ​ភ្ជាប់រូបិយប័ណ្ណរបស់ខ្លួនកាន់តែជិតស្និទ្ធទៅនឹងប្រាក់អឺរ៉ូ ចំពេលដែល​មានការបែកខ្ញែកនៃពាណិជ្ជកម្មសកល និងទំនាក់ទំនងរបស់ខ្លួនកាន់តែជិតស្និតជាមួយអឺរ៉ុប។ នេះបើយោងតាមទេសាភិបាលធនាគារកណ្តាល​អ៊ុយក្រែន Andriy Pyshnyi។

លោក Andriy Pyshnyi បាននិយាយកាលពីថ្ងៃពុធថា លទ្ធភាព​នៃ​ការ​ចូលជាសមាជិក​សហភាពអឺរ៉ុប គឺ​ជាការពង្រឹងតួនាទីរបស់ EU នៅ​ក្នុងការធានានូវសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន​ ភាពប្រែប្រួលកាន់តែខ្លាំងនៅក្នុងទីផ្សារពិភពលោក និងលទ្ធភាព​នៃការបែកបាក់​នៃ​ពាណិជ្ជកម្មសកល។

លោក​ថា កត្តា​ទាំង​អស់​នេះ​កំពុងបង្ខំឱ្យធនាគារកណ្តាល​អ៊ុយក្រែន​ពិនិត្យមើលថាតើប្រាក់អឺរ៉ូគួរតែជារូបិយប័ណ្ណស្នូល​​របស់​ប្រាក់ hryvnia​ របស់អ៊ុយក្រែន ដើម្បី​ជំនួសឱ្យប្រាក់ដុល្លារឬយ៉ាងណា?

លោក Pyshnyi បានបន្ថែមថា៖ «ការងារនេះគឺស្មុគស្មាញ និងទាមទារឱ្យមានការរៀបចំប្រកបដោយគុណភាពខ្ពស់»។

ប្រាក់ដុល្លារគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ហើយគណនីភាគច្រើននៃទុនបម្រុងពិភពលោកក្នុងសេដ្ឋកិច្ចសំខាន់ៗ រួមទាំងអារ៉ាប៊ីសាអូឌីត និងហុងកុង បានដាក់រូបិយប័ណ្ណរបស់ពួកគេទៅជាប្រាក់ដុល្លារ​ក្នុង​អត្រា​ប្ដូរ​ប្រាក់​មួយ​ថេរ។

ប៉ុន្តែក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានបញ្ចេញសង្រ្គាមពាណិជ្ជកម្មដោយដាក់ចេញនូវពន្ធខ្ពស់បំផុត​មិន​ធ្លាប់​មាន​ក្នុងមួយសតវត្សរ៍​ ដែលជាវិធានការមួយ​ជំរុញឱ្យអ្នកសង្កេតការណ៍មួយចំនួនចោទសួរពីតួនាទីនាពេលអនាគតរបស់ប្រាក់ដុល្លារដែលជារូបិយប័ណ្ណបម្រុងសកល។

បច្ចុប្បន្ន​នេះនៅក្នុងឆ្នាំទី​៤ នៃការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី ប្រទេស​អ៊ុយក្រែនក៏​ត្រូវ​បាន​លោក ត្រាំ កាត់​ផ្តាច់ជំនួយយោធាមួយចំនួន​ជាបណ្តោះអាសន្ន។

មេដឹកនាំអឺរ៉ុប រួមទាំងមេដឹកនាំ​មកពីសហភាពអឺរ៉ុប បានប្តេជ្ញាពង្រឹងកងទ័ពរបស់ទីក្រុង Kyiv ដើម្បីធានាថា វាអាចជាមូលដ្ឋានគ្រឹះនៃសន្តិសុខនាពេលអនាគតក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវឌ្ឍនភាពនេះ​មានការលំបាក។

ទន្ទឹមនឹងនេះ អ៊ុយក្រែនបានចុះ​កិច្ចព្រមព្រៀងមួយ ដែលជាកិច្ចព្រមព្រៀងផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការចូលរួមក្នុងកិច្ចសន្យារកស៊ីរុករករ៉ែក្នុងប្រទេសអ៊ុយក្រែន និងផ្តល់មូលនិធិវិនិយោគសម្រាប់ការស្ដារឡើងវិញប្រទេស។

ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់សេតវិមានវិញ សាច់ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះជាង ៩ ភាគរយ បើប្រៀបធៀបទៅនឹងបណ្ដុំ​រូបិយបណ្ណសំខាន់ៗ ដោយសារវិនិយោគិនបានដកខ្លួនចេញពីការកាន់កាប់ទ្រព្យសម្បត្តិអាមេរិក។

អ្នកជំនាញមួយចំនួនបានព្រមានកុំឲ្យភ្ជាប់ប្រាក់ដុល្លារជាមួយនឹងស្ថានភាពរូបិយប័ណ្ណបម្រុងរបស់វា។ ប៉ុន្តែតាមប្រវត្តិសាស្ត្រ ការកាន់កាប់ប្រាក់ដុល្លារត្រូវបានផ្សារភ្ជាប់ទៅនឹងសម្ព័ន្ធភាពសន្តិសុខ និងទំនាក់ទំនងយោធាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Pyshnyi​ បាននិយាយថា ការប្រតិបត្តិការដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅតែដើរតួនាទីគ្រប់ផ្នែកនៃទីផ្សារប្តូរប្រាក់បរទេស (FX market) ប៉ុន្តែភាគរយនៃការប្រតិបត្តិការដែលប្រើរូបិយប័ណ្ណអឺរ៉ូកំពុងមានការកើនឡើងនៅក្នុងផ្នែកនានាភាគច្រើន បើទោះបីជាពេល​នេះនៅមានលក្ខណៈមធ្យមក៏ដោយ។

អ៊ុយក្រែនបានប្រើប្រាស់រូបិយប័ណ្ណ hryvnia ជាផ្លូវការនៅឆ្នាំ ១៩៩៦ ហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយមក ប្រទេសនេះបានប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណស្នូល​របស់​ខ្លួន៕