
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates។ FB
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា លោកមិនចង់ស្លាប់ដោយនៅសល់ទ្រព្យសម្បត្តិច្រើនទេ ហើយលោកមានបំណងបរិច្ចាគទ្រព្យសម្បត្តិរបស់លោក ៩៩ភាគរយ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដែលមានទឹកប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារ។
លោក Gates បានលើកឡើងទៀតថា លោកនឹងបង្កើនការបរិច្ចាគតាមរយៈមូលនិធិរបស់ខ្លួន ហើយមានផែនការបញ្ចប់សកម្មភាពនៃមូលនិធិនេះក្នុងឆ្នាំ ២០៤៥។
លោក Bill Gates សរសេរនៅក្នុងប្លក់មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មនុស្សជាច្រើននឹងនិយាយអំពីខ្ញុំបន្ទាប់ពីខ្ញុំស្លាប់ ប៉ុន្តែខ្ញុំប្តេជ្ញាថានឹងមិនលឺពាក្យថា គាត់ស្លាប់ដោយមានទ្រព្យសម្បត្តិច្រើនទេ វាមិនមែនជាដំណឹងដែលខ្ញុំចង់ឲ្យមានទេ»។
លោក Gates ដែលមានអាយុ ៦៩ឆ្នាំបាននិយាយថា មូលនិធិដែលមានឈ្មោះរបស់លោកបានបរិច្ចាគប្រាក់ ១០០ ពាន់លានដុល្លារ ចំពោះគម្រោងសុខាភិបាល និងការអភិវឌ្ឍន៍ ហើយលោករំពឹងថានឹងចំណាយ ២០០ ពាន់លានដុល្លារបន្ថែមទៀតដោយអាស្រ័យលើទីផ្សារ និងអតិផរណាក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។
នៅក្នុងការបង្ហោះប្លក់នោះ លោក Gates បានដកស្រង់សំណេរឆ្នាំ១៨៨៩ ដោយមហាសេដ្ឋី Andrew Carnegie ដែលមានចំណងជើងថា The Gospel of Wealth ដែលអះអាងថា «អ្នកមាន មានកាតព្វកិច្ចប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេមកសង្គមវិញ បុរសដែលស្លាប់ដោយមានទ្រព្យសម្បត្តិច្រើន គឺស្លាប់ក្នុងភាពគ្មានកិត្តិយស»។
ការប្តេជ្ញាថ្មីបំផុតរបស់លោក បង្ហាញពីការបន្ថែមល្បឿននៃការបរិច្ចាគសប្បុរសធម៌ ដោយដំបូងឡើយ លោកនិងអតីតភរិយា Melinda បានគ្រោងឲ្យមូលនិធិ Gates បន្តធ្វើការរយៈពេលច្រើនទសវត្សរ៍បន្ទាប់ពីពួកគេស្លាប់ប៉ុន្តែឥឡូវលោកបានផ្លាស់ប្តូរ។
លោក Gates បានប្រាប់កម្មវិធី Newshour របស់ BBC កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងរយៈពេល ២០ ឆ្នាំក្រោយ នឹងមានអ្នកមានផ្សេងទៀត ដែលអាចដោះស្រាយបញ្ហាថ្មីៗបានប្រសើរជាងលោក។
ទោះជាមានការបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិរបស់លោក ក៏លោក Gates នៅតែមានឈ្មោះជាមហាសេដ្ឋីដដែល។ បើយោងតាម Bloomberg ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះគឺជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក។
លោក Gates និងលោក Paul Allen បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥ ហើយក្រុមហ៊ុននេះបានក្លាយជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មកម្មវិធីកុំព្យូទ័រ និងបច្ចេកវិទ្យាផ្សេងៗ។
លោក Gate បាននិយាយថា គាត់ត្រូវបានជំរុញទឹកចិត្តឲ្យធ្វើការបរិច្ចាគដោយអ្នកវិនិយោគ Warren Buffett និងសប្បុរសជនផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់មូលនិធិរបស់លោកនិយាយថា លោក Gates ប្រើប្រាស់ឋានៈសប្បុរសធម៌របស់ខ្លួន ដើម្បីជៀសវាងពន្ធ និងមានឥទ្ធិពលចំពោះប្រព័ន្ធសុខភាពពិភពលោក។
នៅក្នុងការបង្ហោះប្លក់របស់គាត់ លោក Gate បានគូសបញ្ជាក់ពីគោលដៅចម្បងសំខាន់បីរបស់មូលនិធិ គឺការលុបបំបាត់ជំងឺដែលអាចបង្កការស្លាប់ដល់មាតា និងទារក, ការលុបបំបាត់ជំងឺឆ្លងដូចជា ជំងឺគ្រុនចាញ់និងកញ្ជ្រឹល, និងការលុបបំបាត់ភាពក្រីក្រសម្រាប់ប្រជាជនរាប់រយលាននាក់។
ក្នុងនោះដែរ លោកបានរិះគន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ចំពោះការកាត់បន្ថយថវិកាជំនួយអន្តរជាតិ ដោយក្នុងនោះលោកបានលើកឡើងថា «វាពិបាកទាយថា តើបណ្ដាប្រទេសមានចំណូលខ្ពស់នឹងបន្តជួយប្រជាជនក្រីក្រៗទៀតឬអត់? ប៉ុន្តែអ្វីដែលយើងអាចធានាបាន គឺមូលនិធិ Gates នឹងបន្តគាំទ្រការប្រឹងប្រែងដើម្បីជួយប្រជាជន និងប្រទេសនានាឱ្យដកខ្លួនចេញពីភាពក្រីក្រ»។
នៅក្នុងបទសម្ភាសន៍ជាមួយ Newshour លោក Gate បានបង្ហាញមតិរិះគន់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ថាបានសម្លាប់កុមារតាមរយៈការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល DOGE។
លោក Gates បានលើកឡើងថា៖ «ការកាត់បន្ថយទាំងនេះនឹងមិនសម្លាប់ត្រឹមតែកុមារតិចតួចប៉ុណ្ណោះទេ ប៉ុន្តែការកាត់បន្ថយនេះវាបានសម្លាប់កុមាររាប់លាននាក់ អ្នកនឹងមិននឹកស្មានដល់ទេថា អ្នកមានបំផុតក្នុងពិភពលោកនឹងធ្វើបែបនេះទៅរួច »៕ ប្រភព៖ BBC