សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលលើរថយន្តអង់គ្លេសមួយចំនួន និង​អនុញ្ញាតឱ្យដែកថែប និងអាលុយមីញ៉ូមមួយចំនួនចូលទៅក្នុងសហរដ្ឋ​អាមេរិក​ដោយមិនជាប់ពន្ធ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ការ​ប្រកាសនេះផ្តល់នូវការធូរស្បើយសម្រាប់​ឧស្សាហកម្មសំខាន់ៗរបស់ចក្រភពអង់គ្លេសពីពន្ធថ្មីមួយចំនួនដែលបានប្រកាសដោយប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។ ប៉ុន្តែ អាមេរិក​នៅ​តែរក្សាពន្ធ ១០ភាគរយ​ លើទំនិញភាគច្រើនមកពីចក្រភពអង់គ្លេស។

លោក​ Keir Starmer នាយក​រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​ថ្លែង​ថា៖ «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះផ្តល់ផលប្រយោជន៍ដល់អាជីវកម្មអង់គ្លេស និងកម្មករអង់គ្លេស ដោយការពារការងាររាប់ពាន់នៅក្នុងវិស័យសំខាន់ៗ រួមទាំងការផលិតរថយន្ត និងដែកថែប»។

លោកបន្ថែមថា៖ «ចក្រភពអង់គ្លេសគ្មានសម្ព័ន្ធមិត្តណាធំជាងសហរដ្ឋអាមេរិក​នោះ​ទេ»។

ពីសេតវិមាន លោក ត្រាំ បានហៅកិច្ច​ព្រមព្រៀង​នេះ​ថាជា «កិច្ចព្រមព្រៀងដ៏អស្ចារ្យ» ហើយបានជំទាស់នឹងការរិះគន់ថាលោកបាននិយាយបំផ្លើសពីសារៈសំខាន់របស់វា។

លោក​ ត្រាំ៖ «នេះជាកិច្ចព្រមព្រៀងដ៏អស្ចារ្យបំផុតដែលយើងនឹងធ្វើឱ្យកាន់តែធំ»។

តាមរយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលរថយន្ត - ដែលលោកត្រាំបានដំឡើង ២៥ភាគរយ​ កាលពីខែមុន មកនៅត្រឹម ១០ភាគ​រយសម្រាប់រថយន្ត ១០ម៉ឺន​គ្រឿងក្នុងមួយឆ្នាំ។

ការ​បន្ថយ​ពន្ធ​នេះ​នឹងជួយដល់ក្រុមហ៊ុនផលិតរថយន្តប្រណីតៗ​ដូចជា Jaguar Land Rover និង Rolls Royce ប៉ុន្តែកម្រិត​ពន្ធ​នេះ​អាចនឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ជួន​នូវ​អត្រា​ពន្ធ​ខ្ពស់​ជាង​នេះ ពីព្រោះ​ថា ចំនួន​កំណត់​១០​ម៉ឺន​គ្រឿង​នេះ​វាស្មើនឹងបរិមាណដែលចក្រភពអង់គ្លេសបាននាំរថយន្ត​​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​កាលពីឆ្នាំមុន។

ភាគីទាំងពីរ​ក៏​បានយល់ព្រមលើ​ការអនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់​គោ​អង់គ្លេស​ក្នុង​កូតា ១៣,០០០ តោន​ទៅ​អាមេរិក​ ដែល​​កូតា​បដិការ​នឹង​ទំនិញ​អាមេរិក។

ទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរបានសរសើរថាជា​កិច្ច​ព្រម​ព្រៀង​សំខាន់ក៏ដោយ អ្នកវិភាគបាននិយាយថា កិច្ច​ព្រម​ព្រៀង​នេះ​ហាក់​ដូច​ជា​មិន​បាន​ផ្លាស់ប្តូរលក្ខខណ្ឌនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានន័យគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងស្ថានភាពមុន​ពេល​លោក​ ត្រាំ បាន​ធ្វើ​ការ​កែប្រែ​នៅឆ្នាំនេះ៕