
រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពេញមួយយប់ដោយប្រើយន្តហោះគ្មានមនុស្សបើកក្នុងទ្រង់ទ្រាយដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដែលបង្កឱ្យមានការខូចខាតនៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅភាគខាងលិចនៃប្រទេស។
ការវាយប្រហារនេះគឺជាការវាយលុកចុងក្រោយបំផុតរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ចាប់តាំងពីអ៊ុយក្រែនបានធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីដែលបានបំផ្លាញ់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីអស់ជាច្រើនគ្រឿងកាលពីដើមខែនេះ ក្នុងប្រតិបត្តិការ «សំបុកពីងពាង» របស់លោក ហ្សេលេនស្គី។
កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៤៦០ គ្រឿង ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន ៤៧៩ គ្រឿង និងកាំជ្រួចចំនួន ១៩ ក្នុងចំណោម ២០ ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី។
អ្នកនាំពាក្យកងទ័ពអាកាសរបស់អ៊ុយក្រែន លោក Yuriy Ihnat បាននិយាយថា មូលដ្ឋានទ័ពអាកាសនៅជិតព្រំដែនភាគខាងលិចរបស់អ៊ុយក្រែន គឺជាគោលដៅវាយប្រហារដ៏សំខាន់មួយរបស់រុស្ស៊ី។ លោកបានលើកឡើងថា ការវាយប្រហារគោលដៅចម្បងគឺសំដៅទៅលើទីលានមូលដ្ឋានទ័ពអាកាស ដោយការវាយប្រហារបានបង្កឲ្យមានការខូចខាតមួយចំនួន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីការខូចខាតនោះទេ។
អាជ្ញាធរក្នុងតំបន់របស់អ៊ុយក្រែនបាននិយាយថា អាកាសយានដ្ឋាននេះស្ថិតនៅក្នុងទីក្រុង Dubno ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែនជាមួយប៉ូឡូញ។
ក្នុងនោះដែរកងកម្លាំងប្រដាប់អាវុធប៉ូឡូញបាននិយាយថា យន្តហោះប៉ូឡូញ និងដៃគូសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការនៅព្រឹកថ្ងៃចន្ទ ដើម្បីការពារ និងធានាសុវត្ថិភាពនៃដែនអាកាសរបស់ខ្លួន។
ក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា ការវាយប្រហារនេះគឺជាប្រតិបត្តិការសងសឹកថ្មីមួយឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែកមកលើមូលដ្ឋានទ័ពរុស្ស៊ីកាលពីដើមខែនេះ ហើយបានបន្ថែមថា «គ្រប់គោលដៅដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ»៕