អ៊ីស្រាអែលបានសម្លាប់បុគ្គលិកសេវាសុខាភិបាលចំនួនបីនាក់ និងអ្នកសារព័ត៌មានម្នាក់ នៅក្នុងអំឡុងការវាយប្រហារលើសង្កាត់ Tuffah ក្នុងទីក្រុង Gaza។ នេះ​បើ​តាម​សារព័ត៌មានប៉ាឡេស្ទីន រួមទាំងទីភ្នាក់ងារ Shehab ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ បានរាយការណ៍កាលពីថ្ងៃចន្ទ។

ភ្នាក់ងារ Shehab បាននិយាយថា បុគ្គលិកជួយសង្គ្រោះចំនួបីនាក់ត្រូវបានសម្លាប់ ខណៈពេលដែលពួកគេកំពុងធ្វើការជួយសង្គ្រោះអ្នករបួស និងយកសាកសពចេញពីតំបន់នោះ។

កងកម្លាំងអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយលើបញ្ហានោះ​ទេ។ កងកម្លាំងអ៊ីស្រាអែលធ្លាប់បាននិយាយកាលពីមុនថា កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការ​ប្រឆាំងទៅនឹងអ្វីដែលខ្លួនចាត់ទុកថាជា «ក្រុមភេរវករ» នៅទូទាំងតំបន់ Gaza។

គួរឲ្យ​ដឹងផងដែរថាសង្គ្រាមនេះបានចាប់ផ្តើមឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស់​បានចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់ និងបានសម្លាប់មនុស្សជាង ១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងការវាយប្រហារលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខតុលា ឆ្នាំ២០២៣។

ជាការឆ្លើយតប ចាប់តាំងពីពេលនោះមក ការវាយលុករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៥០០០នាក់ ដែលភាគច្រើនគឺជាជនស៊ីវិល។ ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញសំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អស់ជាច្រើន។នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ Gaza។

យោង​តាម​អង្គការ​អ្នក​រាយការណ៍​គ្មានព្រំដែន Reporters Without Borders, យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ប៉ាឡេស្ទីន ២០០​នាក់​ត្រូវ​បា​នសម្លាប់ ហើយ​ក្នុង​នោះ យ៉ាង​ហោច​ណាស់​ ៤៥នា់ គឺ​ត្រូវ​បានសម្លាប់​ក្នុង​ពេល​បំពេញ​ការងារ៕