អតីតអនុរដ្ឋមន្ត្រីក្រសួងការងារ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្កើត​ឯកសារដើម្បីទាញយកសំណូកពីក្រុមហ៊ុននាំចេញកម្លាំងពលកម្ម។

លោក Nguyen Ba Hoan អាយុ ៥៨ ឆ្នាំ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌនៅថ្ងៃពុធ រួមជាមួយលោក Tong Hai Nam ប្រធាននាយកដ្ឋានការងារនៅក្រៅប្រទេស និងលោក Nguyen Gia Liem និងលោក Pham Viet Huong ដែល​ទាំង​ពីរ​នាក់​ជាអនុប្រធាន ពីបទទទួលសំណូក។

លោក Huong ត្រូវបានឃុំខ្លួននៅផ្ទះ ខណៈពេលដែលអ្នកផ្សេងទៀតស្ថិតនៅក្នុងមន្ទីរឃុំឃាំង។

លោក Hoan បានបម្រើការងារជាង ៣០ ឆ្នាំនៅក្នុងក្រសួងការងារ អតីតយុទ្ធជន និងកិច្ចការសង្គម ដោយកាន់តំណែងផ្សេងៗ រួមទាំងតំណែងនៅនាយកដ្ឋានការងារនៅក្រៅប្រទេស ប្រធានការិយាល័យ និងជាអនុរដ្ឋមន្ត្រីចាប់ពីខែកញ្ញា ឆ្នាំ២០២០។

ការស៊ើបអង្កេតបឋមបានរកឃើញថា ក្នុងអំឡុងពេលជាអនុរដ្ឋមន្ត្រី លោក Hoan បានណែនាំនាយកដ្ឋានការងារនៅក្រៅប្រទេសឱ្យបង្កើត «អាជ្ញាបណ្ណរង» ដែលច្បាប់​មិន​បាន​តម្រូវ​ឲ្យ​មាន​ សម្រាប់ក្រុមហ៊ុនការងារដើម្បីទទួលបានសម្រាប់ការនាំចេញកម្លាំងពលកម្ម។

យោងតាមនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច អំពើពុករលួយ និងការរត់ពន្ធ នៃក្រសួងសន្តិសុខសាធារណៈ វិធាននេះបានធ្វើឱ្យក្រុមហ៊ុនជាប់គាំង​ក្នុង​ការ​ដាក់​ឯកសារជាច្រើន​ ដែល​ជា​ហេតុ​ដាក់សម្ពាធឱ្យពួកគេ​ត្រូវ​បង់សំណូកទៅមន្ត្រី។

ដើម្បី​ដោះស្រាយ​នឹង​ភាព​ស្មុគស្មាញ​ដែល​ក្រុម​ជនសង្ស័យ​បាន​រៀប​ចំ ក្រុមហ៊ុន​​ជ្រើស​រសើ​កម្លាំង​ពលកម្ម ត្រូវ​ថ្លៃសេវាខ្ពស់ជាច្រើនដងលើសអ្វីដែល​ច្បាប់​អនុញ្ញាត ហើយ​អ្នក​ដែល​ត្រូវ​បង់​ថ្លៃ​សេវា​គឺ​អ្នក​មាន​ជីវភាព​ខ្វះខាត និង​ជនជាតិភាគតិច។

សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Hoan និងមន្ត្រីបីនាក់ផ្សេងទៀត គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងពង្រីកទៅលើភាពមិនប្រក្រតីក្នុងការនាំចេញកម្លាំងពលកម្ម។

បន្ថែ​ម​ពី​លើ​នេះ​ ប៉ូលិសក៏​បានចាប់ខ្លួនលោក Nguyen Duc Nam ប្រធានក្រុមហ៊ុន Sona; លោក Nghiem Quoc Hung ប្រធានក្រុមហ៊ុន Hoang Long; លោក Nguyen Dinh Tham អនុប្រធានក្រុមហ៊ុន Hoang Long; និងអ្នកផ្សេងទៀតជាច្រើន ពីបទរំលោភលើបទប្បញ្ញត្តិគណនេយ្យ ដែល «បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ»។

ក្រុមហ៊ុនទាំងនេះបានប្រមូលថ្លៃសេវាលើសកម្រិត ប៉ុន្តែមិនបានរាយការណ៍ពីថវិកានោះទេ ព្រោះថ្នាក់ដឹកនាំមានបំណងរំលោភយកលុយនោះ៕ VNexpress