អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងបញ្ជាការដ្ឋានយោធារបស់អ៊ីរ៉ង់ ដែលជាការព្រមានដើម្បីរារាំងទីក្រុងតេអេរ៉ង់មិន​ឲ្យ​ផលិត​អាវុធបរមាណូ។

ប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីអ៊ីរ៉ង់បានរាយការណ៍អំពីការផ្ទុះជាច្រើន រួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់មួយរបស់ប្រទេសនេះ​នៅទីក្រុង Natanz ខណៈដែលអ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីបង្ការការវាយប្រហារសងសឹកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា លោក Hossein Salami ដែលជាមេបញ្ជាការ​អង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ត្រូវបានសម្លាប់ ទីស្នាក់ការកណ្តាលរបស់អង្គភាពក្នុងទីក្រុងតេហេរ៉ង​ ត្រូវបានវាយប្រហារ ហើយកុមារជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើតំបន់លំនៅដ្ឋានមួយក្នុងរដ្ឋធានី។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសារជាវីដេអូដែលបានថតជាពិសេសមួយថា៖ «ពេលនេះយើងកំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្តមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល»។

មុននេះបន្តិច អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការ Rising Lion ដែលជាប្រតិបត្តិការយោធាដែលមានគោលដៅដើម្បីទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់ ដែលរំខានដល់ការរស់រានមានជីវិតរបស់អ៊ីស្រាអែល ហើយប្រតិបត្តិការនេះនឹងបន្តរហូតការការគំរាមកំហែងត្រូវបានលុបបំបាត់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបន្ថែមថា អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារទៅលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដែលកំពុងធ្វើការលើគម្រោងបង្កើតគ្រាប់បែកនុយក្លេអ៊ែរ កម្មវិធីមីស៊ីលផ្លោង និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅ Natanz ដោយនៅក្នុងប្រតិបត្តិការមួយនេះនឹងបន្តជាច្រើនថ្ងៃ។

មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា អ៊ីស្រាអែលកំពុងវាយប្រហារ លើគោលដៅនុយក្លេអ៊ែរ និងយោធា ជាច្រើនកន្លែង រួមទាំងគ្រឿងចម្រាញ់នៅទីក្រុង Natanz ភាគណ្តាលអ៊ីរ៉ង់។ មន្ត្រី​រូប​នេះ​បាន​បន្តថា អ៊ីរ៉ង់​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ១៥គ្រាប់ ​ក្នុង​រយៈពេល​តែប៉ុន្មាន​ថ្ងៃប៉ុននោះ។

ទន្ទឹមនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលបានដឹកនាំប្រតិបត្តិការបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៅខាងក្នុងប្រទេសអ៊ីរ៉ង់

ទន្ទឹមនឹងការវាយប្រហារតាមអាកាសយ៉ាងទូលំទូលាយ ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែលបានដឹកនាំប្រតិបត្តិការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ជាច្រើនកន្លែងនៅខាងក្នុងប្រទេសអ៊ីរ៉ង់ ដោយប្រតិបត្តិការនេះមានគោលបំណងបំផ្លាញទីតាំងយុទ្ធសាស្ត្រមីស៊ីល និងសមត្ថភាពការពារដែនអាកាសរបស់អ៊ីរ៉ង់។

ព្រលានយន្តហោះអ៊ីស្រាអែល Ben Gurion ក្នុងទីក្រុង Tel Aviv ត្រូវបានបិទរហូតទាល់តែមានការជូនដំណឹងជា​ថ្មី ហើយអង្គភាពការពារដែនអាកាសរបស់អ៊ីស្រាអែលកំពុងត្រៀមខ្លួនប្រុងប្រយ័ត្នក្នុងកម្រិត​ខ្ពស់ចំពោះការវាយប្រហារសងសឹកដែលអាចកើតមានពីអ៊ីរ៉ង់៕