
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មួយគ្រឿងបានធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ក្រោយហោះចេញពីព្រលានយន្តហោះនៅប្រទេសថៃ។
អាជ្ញាធរនៅព្រលានយន្តហោះបាននិយាយថា ជើងហោះហើរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India មួយគ្រឿង ដែលមានអ្នកដំណើរ សរុប ១៥៦នាក់ ធ្វើដំណើរពីកោះភូកេតប្រទសថៃ ឆ្ពោះទៅកាន់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាបានបង្ខំចិត្តបកក្រោយចុះចតជាបន្ទាន់វិញ បន្ទាប់ពីមានសារគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ នៅថ្ងៃសុក្រនេះ។
មន្ត្រីនៅព្រលានយន្តហោះថៃបាននិយាយថា អ្នកដំណើរទាំង ១៥៦នាក់នៅលើជើងហោះហើរ AI 379 ត្រូវបានជម្លៀសចេញពីយន្តហោះភ្លាមៗនៅពេលចុះចត ស្របតាមផែនការសង្គ្រោះបន្ទាន់។
ជើងហោះហើយ AI 379 ត្រូវហោះចេញពីភូកេតប្រទេសថៃ នៅម៉ោង ៩ និង ៣០នាទីព្រឹក ឆ្ពោះទៅកាន់រដ្ឋធានីញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីបានហោះឡើងឆ្លងកាត់លើសមុទ្រ Andaman យន្តយហោះក៏បានហោះបកក្រោយចុះចតនៅភូកេតវិញជាបន្ទាន់។
តាមការបញ្ចាក់ពីប្រធានព្រលានយន្តហោះភូកេត បាននិយាយថា អាកាសយានិកបានរកឃើញក្រដាសសរសេរគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងបន្ទប់ទឹកយន្តហោះ។ ដូច្នេះយន្តហោះក៏បង្ខំចិត្តសុំចុះចតជាបន្ទាន់វិញ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីហេតុការណ៍នេះមិនទាន់បកស្រាយច្បាស់នៅឡើយទេ។
គួរឲ្យដឹងផងដែរថា ហេតុការណ៏ចុះចតយន្តហោះជាបន្ទាន់នេះ បានកើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ដូចគ្នានេះ នៅប្រទេសឥណ្ឌា សម្លាប់មនុស្សអស់ ២៤១នាក់ ក្នុងចំណោមមនុស្សទាំង ២៤២ នៅលើយន្តហោះ កាលពីម្សិលមិញ៕